ចិនព្រមានថា យោធារបស់ខ្លួននឹងធ្វើឱ្យជប៉ុនរងផលវិបាកដ៏ឈឺចាប់ បើហ៊ានបំពានបន្ទាត់ក្រហមជុំវិញបញ្ហាតៃវ៉ាន់ (Video inside)
28-11-2025 14:20
(ប៉េកាំង)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ក្រសួងការពារជាតិចិន បាននិយាយថា ជប៉ុននឹងត្រូវទទួលរងផលវិបាកដ៏ឈឺចាប់ ប្រសិនបើហ៊ានធ្វើសកម្មភាពមិនអាចទទួលយកបាន ជុំវិញបញ្ហាតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ចិននិងជប៉ុន កំពុងធ្លាក់ក្នុងវិបត្តិការទូតយ៉ាងអាក្រក់បំផុតមួយ ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ក្នុងខែនេះ បាននិយាយថា ក្នុងករណីដែលចិនសម្រេចបើកការវាយលុកលើតៃវ៉ាន់ នោះទីក្រុងតូក្យូអាចនឹងត្រូវធ្វើការឆ្លើយតបដោយយោធា។ ការលើកឡើងបែបនោះ បានធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារជាខ្លាំង មកទល់ពេលនេះ។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Jiang Bin បាននិយាយថា កងទ័ពរបស់ប្រទេសចិន មានសមត្ថភាពខ្លាំងក្លារឹងមាំ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីយកឈ្នះលើសត្រូវឈ្លានពានណាមួយ។ ប្រសិនបើភាគីជប៉ុន ហ៊ានឈានជើងឆ្លងបន្ទាត់ក្រហម សូម្បីតែកន្លះជំហាន ហើយនាំបញ្ហាដាក់ខ្លួនឯងនោះ ជប៉ុននឹងត្រូវរងផលវិបាកដ៏ឈឺចាប់មួយ ជាក់ជាពុំខានឡើយ។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានបញ្ចេញគម្រោងថវិកាបន្ថែម ៤០ពាន់លានដុល្លារ លើការចំណាយក្នុងវិស័យយោធា សម្រាប់រយៈពេល៨ឆ្នាំខាងមុខ ដែលត្រូវបានចិនរិះគន់ថា ជាការខ្ជះខ្ជាយថវិកាចោលឥតប្រយោជន៍ ដែលនឹងមានតែនាំឱ្យតៃវ៉ាន់ ធ្លាក់ទៅក្នុងមហន្តរាយប៉ុណ្ណោះ៕







