លោក ត្រាំ ប្រកាសថា សហរដ្ឋអាមេរិក នឹងផ្អាកជាអចិន្រ្តៃយ៍ការធ្វើអន្តោប្រវេសន៍ មកពីប្រទេសតតិយលោកទាំងអស់ (Video inside)

28-11-2025 14:59

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកបានគ្រោង​បញ្ឈប់ការធ្វើអន្តោប្រវេសន៍ពីក្រុមប្រទេស ដែលលោកហៅថា ប្រទេសលោកទី៣ ឬប្រទេសតតិយលោក បន្ទាប់ពីមានករណីជនអន្តោប្រវេសន៍ បាញ់ប្រហារលើទាហានឆ្មាំជាតិអាមេរិក២នាក់ នៅរដ្ឋធានីវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំនឹងផ្អាកជាអចិន្រ្តៃយ៍ នូវការធ្វើអន្តោប្រវេសន៍ពីប្រទេសតតិយលោក​ទាំងអស់ ដើម្បីអនុញ្ញាតឱ្យសហរដ្ឋអាមេរិក មានភាពប្រសើរឡើងទាំងស្រុងវិញ»។ ជាមួយគ្នានោះ លោក ត្រាំ បានគំរាមលុបចោលវិញ ​ការទទួលយកមនុស្សរាប់លាននាក់ កាលពីអំឡុងអាណត្តិអតីតប្រធានាធិបតី លោក ចូ បៃដិន ហើយបណ្តេញជនអន្តោប្រវេសន៍នានា ដែលមិនចូលរួមចំណែកបម្រើជាប្រយោជន៍ សម្រាប់សហរដ្ឋអាមេរិក។ ពាក្យ ប្រទេសលោកទី៣ ឬប្រទេសតតិយលោកនេះ គឺជាទូទៅសំដៅ​លើក្រុមប្រទេសដែលខឿនសេដ្ឋកិច្ច នៅមានភាពអន់ថយនៅឡើយ។

លោកប្រធានាធិបតី បានបន្ថែមទៀតថា រូបលោកនឹងបញ្ចប់​កម្មវិធីផ្តល់អត្ថប្រយោជន៍ និងឧបត្ថម្ភធនទាំងអស់របស់សហព័ន្ធ សម្រាប់អ្នកដែលមិនមែនជាជនជាតិអាមេរិក ហើយបណ្តេញជនបរទេសទាំងឡាយណា ដែលជាហានិភ័យសន្តិសុខ ឬមិនចុះសម្រុង​ជាមួយអរិយធម៌លោកខាងលិច។

គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើ គឺជាការកើនឡើងថ្មីមួយទៀត នៃគោលនយោបាយប្រឆាំងអន្តោប្រវេសន៍ នៅក្នុងអាណត្តិទី២ របស់លោក ត្រាំ ដែលគ្របដណ្តប់ដោយយុទ្ធនាការចាប់ខ្លួន និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងទ្រង់ទ្រាយធំ។ ហើយវា​កើតមានមួយថ្ងៃ បន្ទាប់ពីទាហានឆ្មាំជាតិ២នាក់ បានរងការបាញ់ប្រហារពីជនជាតិអាហ្វហ្កានីស្ថាន ខណៈម្នាក់ក្នុងចំណោមនោះ បានបាត់បង់ជីវិត៕