គម្រោងយកពន្ធទ្រព្យសម្បត្តិ នឹងក្លាយជាការធ្វើតេស្តឡើងវិញ អំពីកម្រិតជីវភាពប្រជាជនស្វីស (Video inside)

28-11-2025 16:00

(ZURICH)៖ ស្វីស គ្រោងបោះឆ្នោតលើសំណើយកពន្ធទ្រព្យសម្បតិ្ត នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ដែលនឹងវាស់ស្ទង់ឡើងវិញ អំពីកម្រិតជីវភាពប្រជាជននៅក្នុងប្រទេសអ្នកមានមួយ ក្នុងចំណោមប្រទេសមានជាងគេបំផុតរបស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។

សំណើពីក្រុមយុវជននៃគណបក្សសង្គមប្រជាធិបតេយ្យឆ្វេងនិយម ឬ JUSOs ចង់ឱ្យយកពន្ធ ៥០ភាគរយនៃទ្រព្យសម្បត្តិ ដែលមានតម្លៃចាប់ពី ៦២លានដុល្លារ ឬច្រើនជាងនេះ ដើម្បីផ្តល់មូលនិធិដល់គម្រោងកាត់បន្ថយផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ។ យោងតាមអាជ្ញាធរពន្ធប្រទេសស្វីស អ្នកជាប់កាតព្វកិច្ចអាចមានចំនួន ២ ៥០០នាក់ ជាមួយទ្រព្យសម្បត្តិសរុបប្រហែល ៦២១ពាន់លានដុល្លារ។ នៅក្នុងការស្ទង់មតិនាពេលថ្មីៗ ២ភាគ ៣នៃអ្នកឆ្លើយសំណួរបានប្រឆាំងជំទាស់ ដូច្នេះគម្រោងនេះអាចនឹងត្រូវបរាជ័យ។

ការព្យាករពីក្រុមហ៊ុនប្រឹក្សាយោបល់បូស្តុន បានឱ្យដឹងថា ស្វីសជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិដ៏ធំនៃពិភពលោក ប៉ុន្តែអាចបាត់បង់តំណែងវិញក្នុងពេលឆាប់ៗនេះ។ ស្វីសមានទីក្រុងច្រើន ដែលត្រូវចំណាយថ្លៃរស់នៅខ្ពស់ ហើយជំងឺថប់បារម្ភអំពីការចំណាយ កំពុងអង្រួនគោលនយោបាយរូបិយវត្ថុក្នុងស្រុក៕