លោក ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា នាដើមខែក្រោយ ដើម្បីជួបលោក ម៉ូឌី

28-11-2025 17:42

(ម៉ូស្គូ)៖ នាថ្ងៃសុក្រនេះ វិមានក្រឹមឡាំងនិងក្រសួងការបរទេសឥណ្ឌា បានប្រកាសថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន គ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា នាថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូខាងមុខ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តី លោក ណារិនដ្រា ម៉ូឌី ដើម្បីជជែកអំពីចំណងទាក់ទងទ្វេភាគី និងបញ្ហាអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

វិមានក្រឹមឡាំង បាននិយាយថា អំឡុងទស្សនកិច្ចផ្លូវរដ្ឋខាងលើ លោក ពូទីន នឹងបើកកិច្ចពិភាក្សាជាមួយ លោក ម៉ូឌី ហើយនឹងមាន​ជំនួបដាច់ដោយឡែកជាមួយ ប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu។ នាឱកាសនោះ ឯកសារអន្តររដ្ឋាភិបាលនិង​ពាណិជ្ជកម្មមួយចំនួន នឹងត្រូវចុះហត្ថលេខា។

លើកចុងក្រោយបង្អស់ ដែលលោក ពូទីន បានធ្វើដំណើរទៅឥណ្ឌា គឺកាលពីខែធ្នូ ឆ្នាំ២០២១ ពោលគឺត្រឹមប៉ុន្មានខែ មុនពេលរុស្ស៉ីបើកការឈ្លានពានលើអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទូចដល់លោក ម៉ូឌី ចង់ឱ្យឥណ្ឌាឈប់បន្តទិញប្រេងពីរុស្ស៉ី ខណៈឥណ្ឌាគឺជាអតិថិជនដ៏ធំបំផុតមួយនៃប្រេងរុស្ស៉ី។

គួរបញ្ជាក់ថា តាមការបង្ហើបឱ្យដឹងក្នុងសប្តាហ៍នេះ ពីប្រភពខាងជួញដូរនិងចម្រាញ់ប្រេង ការនាំចូលប្រេងរុស្ស៉ីរបស់ឥណ្ឌា ត្រូវបានរំពឹងថា នឹងស្ថិតក្នុងកម្រិតទាបបំផុត នាខែធ្នូខាងមុខ គិតក្នុងរយៈពេលយ៉ាងហោច៣ឆ្នាំ ក្រោយមានការកើនឡើងខ្ពស់អស់រយៈពេលជាច្រើនខែកន្លងមក ស្របពេលដែលក្រុមហ៊ុនចម្រាញ់ប្រេង បាននាំគ្នាងាកទៅរកជម្រើសផ្សេង ដើម្បីចៀសវាងបំពានទណ្ឌកម្មរបស់លោកខាងលិច៕