អតីតប្រធានាធិបតីប៉េរូមួយរូបទៀត ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១១ឆ្នាំ ពីបទបះបោរ
28-11-2025 17:51
(លីមា)៖ តុលាការប្រទេសប៉េរូ បានកាត់ទោសអតីតប្រធានាធិបតី លោក Pedro Castillo ឱ្យជាប់ពន្ធនាគារ ១១ឆ្នាំកន្លះ សម្រាប់ការបះបោរ និងគប់គិតប្រឆាំងនឹងរដ្ឋ នាចុងឆ្នាំ ២០២២ នៅពេលដែលលោកប៉ុនប៉ងរំលាយសភា និងដណ្តើមអំណាច ប៉ុន្តែត្រូវបរាជ័យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២៥។
លោក Castillo ដែលត្រូវបានឃុំខ្លួន ខណៈកំពុងដំណើរការកាត់ក្តី ត្រូវបានទម្លាក់ពីតំណែងក្នុងខែធ្នូ ឆ្នាំ ២០២២ បន្ទាប់ពីលោកព្យាយាមរំលាយសភា។ អំឡុងពេលការពារក្តីក្នុងសវនាការចុងក្រោយនាសប្តាហ៍នេះ លោក Castillo បានច្រានចោលការចោទប្រកាន់ ដែលថាលោកព្យាយាមបះបោរ ហើយថានៅពេលប៉ុនប៉ងរំលាយសភា លោកគ្រាន់តែបញ្ចេញផែនការ ប៉ុន្តែគ្មានការរំលាយសភានោះទេ ។
ដំបូងឡើយ រដ្ឋអាជ្ញាស្នើការឃុំខ្លួនលោក Castillo រហូតដល់ ៣៤ឆ្នាំ។ ការកាត់ទោសលោក Castillo កើតឡើងមួយថ្ងៃ បន្ទាប់ពីការកាត់ទោសអតីតប្រធានាធិបតីមួយរូបទៀត គឺលោក Martin Vizcarra ឱ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ ពីបទទទួលសំណូក មុនពេលចូលកាន់តំណែង៕







