លោក ពូទីន ទទួលជួបនាយករដ្ឋមន្ត្រីហុងគ្រី ដើម្បីពិភាក្សាពីថាមពល និងអ៊ុយក្រែន (Video inside)

28-11-2025 21:15

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីហុងគ្រី លោក វិកទ័រ អ័របាន (Viktor Orban) នៅទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ។ នេះជាដំណើរទស្សនកិច្ចដ៏កម្រមួយដោយមេដឹកនាំសហភាពអឺរ៉ុប និងណាតូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក អ័របាន បានបញ្ជាក់ថា គោលបំណងសំខាន់គឺពិភាក្សាអំពីការផ្គត់ផ្គង់ប្រេង និងឧស្ម័នពីរុស្ស៊ី ដែលមានសារៈសំខាន់សម្រាប់សន្តិសុខថាមពលរបស់ហុងគ្រី។ ក្នុងឱកាសនោះ លោក ពូទីន បានប្រាប់លោក អ័របាន ថា លោកនៅតែរីករាយប្រសិនបើទីក្រុងប៊ូដាប៉ែស ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក ជាមួយលោក ដូណាល់ ត្រាំ។

កិច្ចពិភាក្សានេះធ្វើឡើងខណៈដែលបេសកជនអាមេរិក លោក ស្ទីវ វីតកុហ្វ (Steve Witkoff) ត្រៀមជួបលោក ពូទីន នៅសប្តាហ៍ក្រោយ ដើម្បីជំរុញការបញ្ចប់សង្គ្រាម។ លោក អ័របាន បានសម្តែងក្តីសង្ឃឹមថា សំណើសន្តិភាពដែលដាក់លើតុ នឹងនាំទៅរកបទឈប់បាញ់។

គួរកត់សម្គាល់ថា ទោះបីជាមានទំនាក់ទំនងល្អជាមួយរុស្ស៊ីក្តី ហុងគ្រីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេរិកផងដែរ ដើម្បីទិញឥន្ធនៈសម្រាប់រោងចក្រថាមពលដែលសាងសង់ដោយរុស្ស៊ី។ លោក ពូទីន បានកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីបានងើបឡើងវិញ ៧% នៅឆ្នាំ២០២៥ បន្ទាប់ពីធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារការរឹតបន្តឹងពីខាងក្រៅ៕