ព្យុះស៊ីក្លូន Ditwah សម្លាប់មនុស្ស ៤៦នាក់នៅស្រីលង្កា ខណៈប្រទេសត្រៀមរងគ្រោះទឹកជំនន់បន្ថែម (Video inside)
28-11-2025 22:15
(កូឡុំបូ)៖ ព្យុះស៊ីក្លូន Ditwah បានបោកបក់កាត់ប្រទេសស្រីលង្កា នៅថ្ងៃសុក្រនេះ ដោយបន្សល់ទុកមនុស្សស្លាប់ចំនួន ៤៦នាក់ និង ២៣នាក់ទៀតបាត់ខ្លួន។ អាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បោកបក់ខ្លាំង ត្រូវបានរំពឹងថានឹងបង្កឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបន្ថែមទៀតក្នុងរយៈពេល ១២ម៉ោងខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មន្ត្រីបានបញ្ជាក់ថា ការស្លាប់ភាគច្រើនបណ្តាលមកពីការបាក់ដី។ ប្រជាជនជិត ៤៤,០០០នាក់បានរងផលប៉ះពាល់នៅទូទាំងប្រទេស ហើយមនុស្សជាច្រើនបានស្វែងរកទីជម្រកនៅតាមសាលារៀន។
ទីផ្សារហ៊ុនកូឡុំបូបានផ្អាកការជួញដូរមុនម៉ោង ហើយសាលារៀន និងសេវារថភ្លើងនៅតែបន្តផ្អាក។ កងកម្លាំងយោធា និងប៉ូលិសជាង ២០,០០០នាក់ បានសម្របសម្រួលការជម្លៀសប្រជាជន រួមទាំងការជួយសង្គ្រោះតាមឧទ្ធម្ភាគចក្រសម្រាប់អ្នកដែលជាប់នៅលើស្ពាន និងដំបូលផ្ទះ។
ភ្លៀងធ្លាក់ខ្លាំងក៏បានរំខានដល់ប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិ Bandaranaike ដោយបង្ខំឱ្យជើងហោះហើរចំនួន ១៥ ត្រូវបង្វែរទៅកាន់អាកាសយានដ្ឋាននៅភាគខាងត្បូងប្រទេសឥណ្ឌា។ ទន្ទឹមនឹងនេះ ប្រទេសឥណ្ឌាបានផ្តល់ជំនួយស្បៀងអាហារ ៦.៥តោន ដើម្បីជួយដល់ស្រីលង្កា ខណៈដែលព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងត្បូងនៃប្រទេសឥណ្ឌា៕








