New York Times៖ លោក ត្រាំ និងលោក ម៉ាឌូរ៉ូ និយាយទូរស័ព្ទជាមួយគ្នាកាលពីសប្ដាហ៍មុន (Video inside)

29-11-2025 10:26

(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក New York Times បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចសន្ទនាជាមួយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីសប្ដាហ៍មុន និងបានពិភាក្សាគ្នាពីលទ្ធភាពអំពីការរៀបចំជំនួបរវាងមេដឹកនាំ នៃប្រទេសទាំង២នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយផ្អែកលើប្រភពជាច្រើនដែលខ្លួនទទួលបាន និងបានដឹងពីកិច្ចសន្ទនាខាងលើ New York Times បានឱ្យដឹងទៀតថាក្នុងពេលបច្ចុប្បន្ន មិនមានគម្រោងសម្រាប់ការរៀបចំជំនួបរវាងលោក ត្រាំ និងលោក ម៉ាឌូរ៉ូនោះទេ តែប្រសិនបើជំនួបនេះកើតឡើងពិតមែន នោះវានឹងក្លាយជាលើកដំបូងបំផុតមិនធ្លាប់មានដែលមេដឹកនាំវ៉េណេស៊ុយអេឡាជួបជាមួយប្រធានាធិបតីអាមេរិក។

ការទម្លាយឱ្យដឹងពីកិច្ចសន្ទនាតាមទូរស័ព្ទខាងលើកើតមានឡើងខណៈលោក ត្រាំ កំពុងបន្តប្រើប្រាស់វោហាសាស្ត្រសម្លុតគំរាមវ៉េណេស៊ុយអេឡាផង និងបើកចំហទ្វារ សម្រាប់កិច្ចចរចាផង។ លោក ត្រាំ កន្លងមកក៏បានបង្ហើបដែរថាលោកបើកចំហចំពោះកិច្ចសន្ទនាជាមួយលោក ម៉ាឌូរ៉ូ។ ខាងសេតវិមានមិនបានធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញការចុះផ្សាយរបស់ New York Times ដែលធ្វើឡើងបន្ទាប់ពីលោក ត្រាំ ប្រកាសថាសហរដ្ឋអាមេរិកអាចនឹងធ្វើសកម្មភាពប្រឆាំងនឹង ពួកឧក្រិដ្ឋជនគ្រឿងញៀនវ៉េណេស៊ុយអេឡាតាមផ្លូវគោកឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាត់ទុកលោក ម៉ាឌូរ៉ូជាមេដឹកនាំខុសច្បាប់ និងជាមេកើយរបស់ពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ក្នុងប្រទេសវ៉េណេស៊ុយអេឡាឈ្មោះ Cartel de los Soles។ តែទីក្រុងការ៉ាកាសបានច្រានចោលការចោទប្រកាន់បែបនេះ៕