ប្រតិភូអ៊ុយក្រែន ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាជាមួយបេសកជនពិសេសរបស់លោក ត្រាំ (Video inside)
29-11-2025 11:56
(Reuters)៖ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកាថាប្រតិភូអ៊ុយក្រែនមួយក្រុមកំពុងធ្វើដំណើរឆ្ពោះទៅកាន់សហរដ្ឋអាមេរិក ដើម្បី ចូលរួមក្នុងកិច្ចពិភាក្សាស្ដីពីផែនការសន្តិភាពគាំទ្រដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
Bloomberg ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលបានដឹងពីដំណើរទស្សនកិច្ចខាងលើ។ ប្រភពដដែលបានប្រាប់ Bloomberg ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថាប្រតិភូអ៊ុយក្រែនដែលរួមមានមន្ត្រីសន្តិសុខជាន់ខ្ពស់ លោក Rustem Umerov និងអនុរដ្ឋមន្ត្រីការបរទេស លោក Sergiy Kyslytsya ត្រូវបានរំពឹងថានឹងជួបបេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសាប្រុសរបស់លោក ត្រាំ គឺលោក Jared Kushner នៅក្នុងរដ្ឋ Florida។
ប៉ុន្តែភ្លាមៗខាងអ៊ុយក្រែន និងសេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។ ព័ត៌មាននេះដែរកើតឡើងចំពេលដៃស្ដាំរបស់ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងជា ប្រធានក្រុមដឹកនាំកិច្ចចរចាអំពីផែនការសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិកខាងភាគីអ៊ុយក្រែន លោក Andriy Yermak បានលាលែងចេញតំណែង កាលពីថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីទីភ្នាក់ងារប្រឆាំងអំពើពុករលួយចុះឆែកឆេរផ្ទះរបស់លោក៕







