ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថាដែនអាកាសវ៉េណេស៊ុយអេឡា នឹងត្រូវបិទទាំងស្រុង (Video inside)
29-11-2025 21:06
(វ៉ាស៉ីនតោន)៖ នាថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកានេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ដែនអាកាសខាងលើ និងជុំវិញប្រទេសវ៉េណេស៊ុយអេឡា នឹងត្រូវបិទទាំងស្រុង ចំពេលដែលភាពតានតឹងរវាងប្រទេសទាំងពីរកាន់តែកើនឡើង។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅលេីបណ្តាញសង្គម Truth Social លោក ត្រាំ បានសរសេរយ៉ាងដូច្នេះថា « ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ អ្នកបើកយន្តហោះ អ្នកជួញដូរគ្រឿងញៀន និងអ្នកជួញដូរមនុស្សទាំងអស់ ជាការពិចារណា៖ ដែនអាកាសខាងលើ និងជុំវិញវ៉េណេស៊ុយអេឡា ត្រូវបិទទាំងស្រុង»។ ភ្លាមៗ មិនទាន់ការឆ្លើយតបពីវ៉េណេស៊ុយអេឡានៅឡេីយទេ។
កាលពីសប្តាហ៍មុន រដ្ឋបាលអាកាសចរណ៍អាមេរិក បានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍ធំៗអំពីស្ថានភាពគ្រោះថ្នាក់ នៅពេលហោះហើរលើប្រទេសវ៉េណេស៊ុយអេឡា ដោយលេីកឡេីងពីស្ថានភាពសន្តិសុខកាន់តែអាក្រក់ និងភាពតានតឹងផ្នែកយោធានៅក្នុង ឬជុំវិញប្រទេសនេះ។
វ៉េណេស៊ុយអេឡា បានដកហូតសិទ្ធិប្រតិបត្តិការសម្រាប់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗចំនួន ៦ ដែលបានផ្អាកជើងហោះហើរទៅកាន់ប្រទេសរបស់ខ្លួន បន្ទាប់ពីមានការព្រមានពីរដ្ឋបាលអាកាសចរណ៍អាមេរិក៕




