អ៊ុយក្រែន វាយប្រហារដោយដ្រូន លេីនាវាដឹកប្រេងរុស្ស៉ី នៅសមុទ្រខ្មៅ (Video inside)

29-11-2025 22:51

(កៀវ)៖ មន្ត្រីមកពីសេវាសន្តិសុខ SBU និយាយថាអ៊ុយក្រែន បានវាយប្រហារដោយដ្រូនលេីនាវាពីរគ្រឿងដែលរុស្ស៊ីប្រើប្រាស់សម្រាប់នាំចេញប្រេង ក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច តាមច្រកសមុទ្រខ្មៅ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។

មន្ត្រីរូបនេះបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ប្រតិបត្តិការរួមគ្នាដើម្បីវាយប្រហារលើនាវា ដែលគេហៅថាកងនាវាស្រមោល ត្រូវបានដឹកនាំបញ្ជាដោយ SBU និងកងទ័ពជើងទឹកអ៊ុយក្រែន។ នាវានោះ ត្រូវបានកំណត់អត្តសញ្ញាណថាជា Kairos និង Virat គឺទទេ ហេីយកំពុងធ្វើដំណើរទៅកាន់កំពង់ផែ Novorossiysk ដែលជាស្ថានីយប្រេងដ៏សំខាន់របស់រុស្ស៉ី។

ភ្លាមៗមិនទាន់មានការអត្ថាធិប្បាយពីរុស្ស៉ីទេ។ អ៊ុយក្រែន បានអំពាវនាវជារឿយៗឱ្យមានវិធានការអន្តរជាតិតឹងរ៉ឹងចំពោះកងនាវាស្រមោលរបស់រុស្ស៉ី ដែលកំពុងជួយទីក្រុងមូស្គូនាំចេញប្រេងក្នុងបរិមាណដ៏ច្រើន ហេីយដែលបានឱ្យរុស្ស៉ីមានលុយធ្វេីសង្រ្គាមនៅអ៊ុយក្រែន បើទោះបីជាមានទណ្ឌកម្មពីលោកខាងលិចក៏ដោយ៕