ចិនបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យទូទាំងប្រទេស ក្រោយករណីឆេះអគារខ្ពស់ដ៏ប្រល័យនៅហុងកុង (Video inside)
30-11-2025 09:52
(កៀវ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ចិនបានប្រកាសបើកយុទ្ធនាការត្រួតពិនិត្យស្តង់ដាសុវត្ថិភាពអគ្គិភ័យ នៅតាមអគារខ្ពស់ៗទូទាំងប្រទេស បន្ទាប់ពីគ្រោះអគ្គិភ័យដ៏ប្រល័យបំផុតមួយ នៅទីក្រុងហុងកុង បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ១២៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិន បាននិយាយថា ការយកចិត្តទុកដាក់ជាពិសេស នឹងត្រូវផ្តោតទៅលើអគារទាំងឡាយណា ដែលកំពុងស្ថិតក្រោមការជួសជុលកែលម្អ ទាំងផ្នែកខាងក្រៅនិងខាងក្នុង។ យុទ្ធនាការនេះបានដាក់ចេញចំណុចត្រូវត្រួតពិនិត្យសំខាន់ៗចំនួន៤ រួមមានការប្រើប្រាស់វត្ថុងាយឆាបឆេះ ក្នុងប្រព័ន្ធទ្រនាប់កម្តៅនៃជញ្ជាំងខាងក្រៅ, បរិក្ខារសំណង់ដែលត្រូវបានហាមឃាត់ ដូចជារន្ទាឫស្សី, សម្ភារសុវត្ថិភាពអគ្គិភ័យ និងច្រកសម្រាប់ជម្លៀសមនុស្សក្នុងករណីអាសន្ន។
គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនៅទីក្រុងហុងកុង ដែលបានកើតឡើងកាលពីថ្ងៃពុធសប្តាហ៍នេះ បានឆាបឆេះអគារស្នាក់នៅកម្ពស់៣២ជាន់ចំនួន៧ខ្នង ក្នុងចំណោមអគារទាំង៨ខ្នង នៅតំបន់អគារអាផាតធឺមិនមួយកន្លែង ដែលស្ថិតក្រោមការជួសជុលកែលម្អ ដោយមានប្រើប្រាស់រន្ទាឫស្សី និងស្នោតទ្រនាប់កម្តៅនៅជញ្ជាំងផ្នែកខាងក្រៅ។ មនុស្ស៣នាក់ ត្រូវបានចាប់ខ្លួនជុំវិញករណីនោះ៕








