វ៉េណេស៊ុយអេឡា ថ្កោលទោសការព្រមានបិទដែនអាកាសរបស់លោក ត្រាំ ថាជាការគំរាមកំហែងបែបអាណានិគមនិយម

30-11-2025 11:18

(ការ៉ាកាស)៖ កាលពីថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ទីក្រុងការ៉ាកាសបានថ្កោលទោស ការព្រមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថា ដែនអាកាសរបស់ប្រទេសវ៉េណេស៊ុយអេឡា គួរតែចាត់ទុកថាត្រូវបានបិទ ដោយហៅការព្រមាននោះថា ជាការគំរាមកំហែងបែបពួកអាណានិគមនិយម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសវ៉េណេស៊ុយអេឡា បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «វ៉េណេស៊ុយអេឡា ថ្កោលទោសការគំរាមកំហែង​បែបអាណានិគមនិយម ដែលព្យាយាមបង្កផលប៉ះពាល់ ចំពោះអធិបតេយ្យនៃដែនអាកាសរបស់ខ្លួន ហើយជាថ្មីម្តងទៀតស្មើទៅនឹងទង្វើបំពានជ្រុលហួសហេតុ ខុសច្បាប់ និងមិនសមហេតុផល ប្រឆាំងមកលើប្រជាជនវ៉េណេស៊ុយអេឡា»

សហរដ្ឋអាមេរិក តាមផ្លូវច្បាប់មិនមានសិទ្ធិបិទដែនអាកាសរបស់ប្រទេសដទៃឡើយ ប៉ុន្តែការបង្ហោះសារព្រមានរបស់លោក ត្រាំ អាចនាំឱ្យមានភាពមិនប្រាកដប្រជាក្នុងការធ្វើដំណើរ ហើយជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍នានា មិនហ៊ានធ្វើប្រតិបត្តិការនៅលើ​ដែនអាកាសរបស់វ៉េណេស៊ុយអេឡា។

គួរបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបង្កើនសម្ពាធជាខ្លាំងលើប្រទេសអាមេរិកឡាទីនមួយនេះ ជាមួយវត្តមានយោធា​ទ្រង់ទ្រាយធំ នៅតំបន់ Caribbean។ ទីក្រុងវ៉ាស៉ីនតោន បានអះអាងថា ការដាក់ពង្រាយយោធានេះ គឺដើម្បីបង្រ្កាបបទល្មើស​រត់ពន្ធគ្រឿងញៀន ប៉ុន្តែប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានអះអាងថា វាគ្រាន់តែជាលេសប៉ុណ្ណោះ​ ដោយគោលដៅពិតប្រាកដនោះ គឺការធ្វើអន្តរាគមន៍យោធា ដើម្បីទម្លាក់រូបលោកចេញពីអំណាច៕