លោក ហ្សេលេនស្គី នឹងទៅជួបលោក ម៉ាក្រុង ជាថ្មីម្តងទៀតនៅទីក្រុងប៉ារីស នាថ្ងៃចន្ទ ដើម្បីជជែកអំពីផែនការសន្តិភាព (Video inside)
30-11-2025 11:53
(ប៉ារីស)៖ ការិយាល័យប្រធានាធិបតីបារាំង បានប្រកាសថា លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ នឹងទទួលជួបសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដើម្បីបើកកិច្ចពិភាក្សានៅទីក្រុងប៉ារីស ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន កំពុងជំរុញផែនការដើម្បីបញ្ចប់សង្រ្គាមរវាងទីក្រុងកៀវ និងទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។
មន្រ្តីបារាំងបាននិយាយថា លោក ហ្សេលេនស្គី នឹងធ្វើដំណើរមកទីក្រុងប៉ារីស នៅថ្ងៃចន្ទ ទី១ ខែធ្នូ ដើម្បីជំរុញការចរចាឱ្យបន្តទៅមុខ ហើយមេដឹកនាំទាំងពីរ នឹងជជែកគ្នាអំពីលក្ខខណ្ឌ សម្រាប់សន្តិភាពមួយ ដែលមានយុត្តិធម៌និងឋិតថេរយូរអង្វែង។ អំឡុងដំណាក់កាលបច្ចុប្បន្ននៃសង្រ្គាម លោក ហ្សេលេនស្គី និងលោក ម៉ាក្រុង បាននិងកំពុងទាក់ទងគ្នាញឹកញាប់ជាខ្លាំង។ លើកចុងក្រោយ ដែលលោកប្រធានាធិបតីអ៊ុយក្រែន បានមកទស្សនកិច្ចនៅវិមាន Elysee គឺទើបតែ២សប្តាហ៍មុនប៉ុណ្ណោះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។
គួរបញ្ជាក់ថា ទន្ទឹមគ្នានេះ ប្រតិភូអ៊ុយក្រែន ក៏បានចេញដំណើរទៅកាន់សហរដ្ឋអាមេរិកផងដែរ ដើម្បីបន្តកិច្ចពិភាក្សាជាមួយទីក្រុងវ៉ាស៉ីនតោន ស្តីពីកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលអូសបន្លាយអស់រយៈពេលជិត៤ឆ្នាំមកហើយ ចាប់តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក៕




