ព្យុះត្រូពិក Koto ផ្តាច់ជីវិតមនុស្សយ៉ាងហោច៣នាក់ នៅប្រទេសវៀតណាម (Video inside)

30-11-2025 14:42

(ហាណូយ)៖ អាជ្ញាធរនៅប្រទេសវៀតណាម នាថ្ងៃអាទិត្យនេះ បានឱ្យដឹងថា ឥទ្ធិពលព្យុះត្រូពិកឈ្មោះ Koto បានសម្លាប់មនុស្ស​យ៉ាងហោច៣នាក់ ហើយធ្វើឱ្យម្នាក់ផ្សេងទៀតបាត់ខ្លួន ស្របពេលដែលវាកំពុងបោកបក់ឆ្ពោះមករក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឥទ្ធិពលព្យុះ Koto បាននាំមកនូវរលកធំៗ រួមជាមួយខ្យល់បោកបក់យ៉ាងខ្លាំង ជាហេតុនាំឱ្យករណីលិចទូកមួយចំនួនរួចជាស្រេច នៅវៀតណាម។ ក្រសួងបរិស្ថានវៀតណាម បាននិយាយថា មនុស្សសរុប៣នាក់បានស្លាប់ និងអាជ្ញាធរកំពុងស្វែងរកម្នាក់ទៀត ដែលបាត់ខ្លួន។

គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ព្យុះ Koto ស្ថិតនៅចម្ងាយជាង៣០០គីឡូម៉ែត្រ ពីឆ្នេរប្រទេសវៀតណាម បន្ទាប់ពីបានថយចុះថាមពល ​ពីទម្រង់ជាព្យុះទីហ្វុង មកនៅត្រឹមជាព្យុះត្រូពិក។ ការិយាល័យឧតុនិយមវៀតណាម បាននិយាយថា វាកំពុងធ្វើដំណើរដោយសន្សឹមៗ ហើយត្រូវបានរំពឹងថា នឹងចុះខ្សោយថែមទៀត មុនពេលបោកបក់មកដល់ឆ្នេរ នៅសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា តំបន់ចន្លោះភាគខាងត្បូងនិងភាគកណ្តាលនៃប្រទេសវៀតណាម ទើបតែទទួលរងគ្រោះហើយប៉ុណ្ណោះ ពីការវាយប្រហារនៃទឹកជំនន់ដ៏អាក្រក់បំផុតមួយ មិនធ្លាប់មានក្នុងរយៈពេលប្រហែលកន្លះសតវត្សរ៍ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ដែលបានសម្លាប់មនុស្សជិត១០០នាក់ ក្នុងខែវិច្ឆិកានេះ។ យោងតាម​ការិយាល័យជាតិស្ថិតិរបស់វៀតណាម គ្រោះធម្មជាតិបានធ្វើឱ្យមនុស្សសរុបលើស៤០០នាក់ ស្លាប់ឬបាត់ខ្លួន ក្នុងឆ្នាំ២០២៥នេះ ហើយបង្កការខូចខាតគិតជាទឹកប្រាក់ជាង ៣ពាន់លានដុល្លារ៕