ផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិន បង្កើនការយល់ដឹងដល់កម្ពុជា

30-11-2025 16:01

(ភ្នំពេញ)៖ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសមាគមមិត្តភាពកម្ពុជា-ចិន មានរៀបចំវេទិកាតុមូលស្តីពី «ផែនការ៥ឆ្នាំលើកទី១៥របស់ប្រទេសចិន» ក្រោមកិច្ចសហការរវាងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ និង សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយផ្តោតលើប្រធានបទ«កាលានុវត្តភាពថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រវាងកម្ពុជា និង ចិន» ក្រោមអធិបតីភាពរបស់ឯកឧត្តម ឯក សំអុល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ស្ថានទូតចិនប្រចាំកម្ពុជា-ចិន ព្រមទាំងអ្នកចូលរួមសរុបជាង១០០រូប មកពីតំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រសួងនិងស្ថាប័នសាធារណៈចំនួន២៧ ក្រុមបញ្ញាញាណជាន់ខ្ពស់ បណ្តាញអ្នកសារព័ត៌មាន និងបណ្តាញសង្គមស៊ីវិលនានាទាំងកម្ពុជា ទាំងចិន។

ថ្លែងនៅក្នុងពិធីបើកវេទិកាតុមូលនេះ ឯកឧត្តម ឯក សំអុល បានមានប្រសាសន៍ថា ផែនការ៥ឆ្នាំលើកទី១៥ របស់ប្រទេសចិនមិនត្រឹមផ្តល់វឌ្ឍនភាពដល់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាកាលានុវត្តភាពដល់បណ្តាប្រទេសនានា ក្នុងពិភពលោក ជាពិសេសកម្ពុជាដែលជាមិត្តដែកថែបរបស់ចិន ដើម្បីរៀបចំផែនការមេរបស់ខ្លួនបន្ស៊ីជាមួយប្រទេសចិន។ ឯកឧត្តមយល់ថាតាមរយៈវាគ្មិនទាំងកម្ពុជា ទាំងចិន នឹងរួមគ្នាផ្តល់ធាតុចូលកាន់តែច្រើនសម្រាប់ចាក់បញ្ចូលទៅក្នុង កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរវាងកម្ពុជា និង ចិន។

ឯកឧត្តម ជាំង ណាន អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានកត់សម្គាល់ថា «ផែនការ៥ឆ្នាំ» គឺជាឧត្តមភាពដ៏លេចធ្លោនៃ «អភិបាលកិច្ចចិន» ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍ដ៏សំខាន់របស់បក្សកុម្មុយនិស្តចិនក្នុងការគ្រប់គ្រងប្រទេស និងឧត្តមភាពនយោបាយ នៃប្រព័ន្ធសង្គមនិយមបែបផែនចិន។ នៅលើដំណើរថ្មីនៃ «ផែនការ៥ឆ្នាំ លើកទី១៥» ភាគីចិនមានឆន្ទៈរួមជាមួយភាគីកម្ពុជា ក្នុងការអនុវត្តឱ្យបានល្អនូវលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម XI Jinping ប្រធានរដ្ឋចិន មកកាន់កម្ពុជា ចែករំលែកឱកាសអភិវឌ្ឍន៍ដែលកើតចេញពីការបើកចំហកម្រិតខ្ពស់ បន្តរួមគ្នាកសាងទំនុកចិត្ត នយោបាយក្នុងកម្រិតខ្ពស់ ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ប្រកបដោយគុណភាពខ្ពស់ កសាងរបាំងការពារសន្តិសុខក្នុងកម្រិតខ្ពស់ អនុវត្តការផ្លាស់ប្តូរប្រជាជននិងប្រជាជនឱ្យកាន់តែញឹកញាប់ និងសម្របសម្រួលយុទ្ធសាស្ត្រ តាមស្តង់ដារខ្ពស់។

លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព (CFPD) ប្រចាំកម្ពុជាបានថ្លែងថា ជំនួបរវាងវាគ្មិនទាំងអស់ក្នុងវេទិកាតុមូលនេះនឹងផ្តល់ទឡ្ហីករណ៍គូសបញ្ជាក់កាន់តែច្រាស់ពីគុណតម្លៃនៃ«ផែនការ៥ឆ្នាំលើកទី១៥»របស់ប្រទេសចិន ហើយក៏ជាការគូសរំលេចពីផលវិជ្ជមាន និងតួនាទីកាន់តែសកម្មរបស់ប្រទេសចិនក្នុងរយៈពេល៥ឆ្នាំ (២០២៦-២០៣០)ក្នុងការចែករំលែកផលកាន់ច្រើនដល់បណ្តាប្រទេសនានាក្នុងសកលលោក។

ក្នុងនាមសង្គមស៊ីវិលរបស់ប្រទេសចិនប្រចាំកម្ពុជា CFPD នឹងបង្កើនកម្លាំងរបស់ខ្លួនកាន់តែសកម្មដើម្បីឆ្លើយតប បាននឹងខ្លឹមសារជាសារវន្តនៃ «ផែនការ៥ឆ្នាំលើកទី១៥» ដើម្បីបង្កើនទំនុកចិត្តកាន់តខ្លាំងក្លាបន្ថែមទៀត នៃចំណងទាក់ទងកាន់តែស្អិតរមួត រវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន។

លោកបណ្ឌិត ឈី ខាង អនុប្រធានវិទ្យាស្ថានស្រាវជ្រាវហិរញ្ញវត្ថុរបស់ធនាគារចិន បានថ្លែងថា សេចក្តីព្រាងផែនការ៥ឆ្នាំលើកទី១៥ មានគោលដៅយ៉ាងច្បាស់អំពី "ការពន្លឿនការកសាងប្រទេសហិរញ្ញវត្ថុដ៏រឹងមាំ" ដែលបង្ហាញពីការធ្វើឱ្យប្រសើរឡើងជាយុទ្ធសាស្ត្រ សម្រាប់ឧស្សាហកម្មហិរញ្ញវត្ថុរបស់ប្រទេសចិន ដោយផ្អែកលើសមិទ្ធផលផែនការ៥ឆ្នាំលើកទី១៤។

ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានថ្លែងនូវក្នុងបទបង្ហាញរបស់ខ្លួនដោយគូសរំលេចពី សក្តានុពលភាពនៃភាពទាក់ទាញរបស់កម្ពុជាក្នុងការជំរុញវិនិយោគិនចិនមកវិនិយោគនៅកម្ពុជា។

លោក អ៊ុក សារ៉ាត អគ្គនាយករងប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជាបានរំលេចពីផលវិជ្ជមានដែលទទួលបាន ពីប្រព័ន្ធទូទាត់ប្រាក់យាន់នៅក្នុងវិស័យធនាគារ ហើយបានផ្តល់ជាកាលានុវត្តភាពកាន់តែប្រសើរដល់កិច្ចបង្កើន ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន វិស័យឯកជន និង រដ្ឋាភិបាលនៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានថ្លែងនូវការកោតសរសើរចំពោះ សមាគមមិត្តភាពកម្ពុជា-ចិន ស្ថានទូតចិនប្រចាំកម្ពុជា និង CFPD ក្នុងការគាំទ្រដល់វេទិកាតុមូលនេះ ដោយបានផ្តល់ផលកាន់តែខ្លាំងចាក់បញ្ចូលទៅក្នុង «ផែនការ៥ឆ្នាំលើកទី១៥» ដើម្បីបង្កើនកិច្ចសហការ កាន់តែជិតស្និទ្ធលើវិស័យហិរញ្ញវត្ថុនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។

តាមរយៈវេទិកាដ៏មានសារៈសំខាន់នេះ លោក សួង ហួត ប្រធានសមាគមអ្នកអប់រំជាតិដើម្បីអភិវឌ្ឍន៍ បានថ្លែងថា វេទិកានេះមិនត្រឹមយល់កាន់តែស៊ីជម្រៅពីផែនការប្រាំឆ្នាំដែលជាស៊េរីនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ក្នុងគោលនយោបាយរបស់ប្រទេសចិនចាប់តាំងពីឆ្នាំ១៩៥៣ប៉ុណ្ណោះទេ ថែមទាំងយល់ដឹងកាន់តែប្រត្យក្សពីកាលានុវត្តភាព ដែលប្រទេសកម្ពុជាទទួលបានជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុ។ ដូចទៅនឹងសមាជិកអង្គពិធី លោកនឹងពាំនាំយកនូវខ្លឹមសារទាំងនេះរួមជាមួយ ឯកសារដែលទទួលបានពីវេទិកានារសៀលនេះទៅចែករំលែក ជូនដល់សមាជិកនានារបស់សមាគម និងអ្នកពាក់ព័ន្ធនានាឱ្យយល់កាន់តែស៊ីជម្រៅពី «ផែនការ៥ឆ្នាំលើកទី១៥» របស់ប្រទេសចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន