ព្យុះត្រូពិចសម្លាប់មនុស្សជាង ៦០០នាក់នៅអាស៊ីអាគ្នេយ៍ និងប៉ះពាល់ជាង ៤លាននាក់

30-11-2025 19:15

(បាងកក)៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសចំនួនបីក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនឡើងដល់ជាង ៦០០នាក់ហើយ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តធ្វើឡើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្យុះត្រូពិចដ៏កម្រមួយបានកើតឡើងនៅច្រកសមុទ្រម៉ាឡាកា។ ក្នុងចំណោមអ្នកស្លាប់សរុប មាន ៤៣៥នាក់នៅឥណ្ឌូណេស៊ី ១៧០នាក់នៅថៃ និង ៣នាក់ត្រូវបានរាយការណ៍នៅម៉ាឡេស៊ី។

ទោះបីជាទឹកជំនន់ចាប់ផ្តើមស្រកចុះក៏ដោយ ក៏មន្ត្រីសង្គ្រោះនៅតែព្យាយាមចូលទៅកាន់តំបន់រងគ្រោះជាច្រើន។ យោងតាមស្ថិតិផ្លូវការ មនុស្សជាង ៤លាននាក់បានរងផលប៉ះពាល់ ដោយក្នុងនោះជិត ៣លាននាក់នៅភាគខាងត្បូងប្រទេសថៃ និង ១.១លាននាក់នៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។

ដោយឡែក នៅឯឈូងសមុទ្របេងហ្គាល់ ប្រទេសស្រីលង្កាក៏បានរងគ្រោះដោយព្យុះស៊ីក្លូនមួយផ្សេងទៀតផងដែរ ដែលបានសម្លាប់មនុស្ស ១៥៣នាក់ និង ១៩១នាក់កំពុងបាត់ខ្លួន ខណៈមនុស្សជាងកន្លះលាននាក់រងផលប៉ះពាល់៕