កាហ្សាក់ស្ថាន ព្រមានអ៊ុយក្រែនឱ្យឈប់វាយប្រហារស្ថានីយប្រេង CPC នៅសមុទ្រខ្មៅ  ក្រោយការនាំចេញត្រូវបានផ្អាក

30-11-2025 19:53

(អាស្តាណា)៖ ប្រទេសកាហ្សាក់ស្ថានបានប្រាប់អ៊ុយក្រែននៅថ្ងៃអាទិត្យនេះឱ្យបញ្ឈប់ការវាយប្រហារលើស្ថានីយប្រេងនៃសម្ព័ន្ធបំពង់បង្ហូរប្រេងកាសព្យែន (CPC) នៅសមុទ្រខ្មៅ បន្ទាប់ពីការវាយប្រហារ ដោយដ្រូនដ៏ធំមួយបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផ្អាកការនាំចេញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

CPC ដែលមានម្ចាស់ភាគហ៊ុនមកពីរុស្ស៊ី កាហ្សាក់ស្ថាន និងសហរដ្ឋអាមេរិក បានបញ្ជាក់ថាខ្លួនបានផ្អាកប្រតិបត្តិការ បន្ទាប់ពីចំណតនៅស្ថានីយរបស់រុស្ស៊ីនៅសមុទ្រខ្មៅ បានរងការខូចខាតយ៉ាងខ្លាំង ដោយសារការវាយប្រហារដោយដ្រូនទ័ពជើងទឹកអ៊ុយក្រែន។

ក្រសួងការបរទេសកាហ្សាក់ស្ថានបានសម្តែងការតវ៉ាចំពោះអ្វីដែលខ្លួនហៅថាជា «ការវាយប្រហារដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធសំខាន់»។ ក្រសួងបានបន្ថែមថា «យើងចាត់ទុកអ្វីដែលបានកើតឡើងថា ជាសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់ទំនាក់ទំនងទ្វេភាគី...ហើយយើងរំពឹងថាភាគីអ៊ុយក្រែននឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីការពារកុំឱ្យមានឧប្បត្តិហេតុស្រដៀងគ្នានេះនៅពេលអនាគត»

គួរបញ្ជាក់ថា CPC គ្រប់គ្រងការនាំចេញប្រេងប្រហែល ៨០% របស់កាហ្សាក់ស្ថាន។ CPC បានឱ្យដឹងថា ការវាយប្រហារកាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់ចំណតបណ្តែតទឹកសម្រាប់ចាក់ប្រេង ដែលធ្វើឱ្យប្រតិបត្តិការមិនអាចដំណើរការបាន ហើយកប៉ាល់ដឹកប្រេងត្រូវបានដកចេញពីតំបន់នោះ៕