ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូននៅស្រីលង្កា កើនដល់ ២១២នាក់ ខណៈទំនប់ទឹកមួយត្រូវបានបាក់ (Video inside)

30-11-2025 21:15

(កូឡុំបូ)៖ ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Ditwah នៅក្នុងប្រទេសស្រីលង្កា បានកើនឡើងដល់ ២១២នាក់ និង ២១៨នាក់ទៀតបាត់ខ្លួន ខណៈទំនប់ទឹកមួយត្រូវបានបាក់ និងប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តឈានចូលដល់ថ្ងៃទី៤។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ប្រជាជនជិត ១លាននាក់បានរងផលប៉ះពាល់ ដោយបង្ខំឱ្យពលរដ្ឋជិត ២០០,០០០នាក់ ជម្លៀសទៅកាន់ជម្រកសុវត្ថិភាពចំនួន ១,២៧៥កន្លែង។ ភ្លៀងធ្លាក់ខ្លាំងដែលមិនធ្លាប់មាន បានបង្កឱ្យមានការបាក់ដីនៅតំបន់ភ្នំ និងទឹកជំនន់លិចទីក្រុងនានាទូទាំងប្រទេស។

កងកម្លាំងចម្រុះជាង ២៤,០០០នាក់ កំពុងចុះជួយសង្គ្រោះ។ យោធាបានឱ្យដឹងថា មនុស្សជាង ១២០នាក់ត្រូវបានជួយសង្គ្រោះតាមឧទ្ធម្ភាគចក្រ បន្ទាប់ពីទឹកបានបំបាក់ទំនប់អាងស្តុកទឹក Mavil Aru នៅភាគខាងកើត ដោយមនុស្សប្រហែល ២,០០០នាក់ផ្សេងទៀតត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។

អាជ្ញាធររំពឹងថា ទឹកជំនន់នឹងចាប់ផ្តើមស្រកចុះបន្តិចម្តងៗក្នុងរយៈពេលបីថ្ងៃខាងមុខ ខណៈដែលព្យុះនេះធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។ ដោយឡែក នៅឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់បានកើនឡើងដល់ជាង ៦០០នាក់ផងដែរ៕