អ្នកចរចាអាមេរិក និងអ៊ុយក្រែន ជួបគ្នានៅរដ្ឋផ្លរីដា ខណៈលោក ត្រាំ ស្វែងរកការបញ្ចប់សង្គ្រាមឱ្យបានឆាប់ (Video inside)

30-11-2025 22:43

(ផ្លរីដា)៖ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក ត្រាំ បានជួបប្រជុំជាមួយអ្នកចរចាអ៊ុយក្រែននៅរដ្ឋផ្លរីដា នៅថ្ងៃអាទិត្យនេះ ដើម្បីស្វែងរកច្រកចេញសម្រាប់បញ្ចប់សង្គ្រាម និងត្រៀមរៀបចំសម្រាប់កិច្ចពិភាក្សាសំខាន់ៗនៅទីក្រុងមូស្គូជាមួយលោក វ៉្លាឌីមៀ ពូទីន ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ AP នៅថ្ងៃទី៣០ ខែវិច្ឆិកា​​​ ឆ្នាំ២០២៥។

ភាគីអាមេរិកដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រូប៊ីយ៉ូ បេសកជនពិសេស លោក ស្ទីវ វីតកុហ្វ និងលោក ចារ៉េដ គូសនឺ (Jared Kushner) ដែលជាកូនប្រសារលោក ត្រាំ។ ចំណែកឯភាគីអ៊ុយក្រែនរួមមានមេបញ្ជាការកងទ័ព លោក អាន់ឌ្រី ហ្នាតូវ (Andrii Hnatov) រដ្ឋមន្ត្រីការបរទេស លោក អាន់ឌ្រី ស៊ីប៊ីហា និងប្រធានក្រុមប្រឹក្សាសន្តិសុខ លោក រូស្ទីម អ៊ូមេរ៉ូវ។ ការផ្លាស់ប្តូរសមាសភាពនេះកើតឡើងក្រោយការលាលែងតំណែងរបស់លោក អាន់ឌ្រី យេម៉ាក ប្រធានខុទ្ទកាល័យលោក ហ្សេលេនស្គី ដោយសាររឿងអាស្រូវពុករលួយ។

កិច្ចពិភាក្សានេះផ្តោតលើការកែសម្រួលផែនការសន្តិភាព ២៨ចំណុចរបស់លោក ត្រាំ ដែលរងការរិះគន់ថាលំអៀងទៅរករុស្ស៊ី។ លោក ត្រាំ បានបញ្ជាក់ថា លោកនឹងបញ្ជូនលោក វីតកុហ្វ និងលោក គូសនឺ ទៅជួបលោក ពូទីន នៅទីក្រុងមូស្គូក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីផែនការនេះ។

លោក ហ្សេលេនស្គី បានសាទរចំពោះ «អាកប្បកិរិយាប្រកបដោយការស្ថាបនា» របស់អាមេរិក និងសង្ឃឹមថានឹងបញ្ចប់សង្គ្រាមដោយកិត្តិយស។ ទោះជាយ៉ាងណា ការប្រយុទ្ធនៅតែបន្តយ៉ាងក្តៅគគុក ដោយភាគីទាំងពីរបានបាញ់មីស៊ីល និងដ្រូនដាក់គ្នារាប់រយគ្រាប់៕