អាហ្រ្វិកខាងត្បូង ទាត់ចោលការគំរាមរបស់លោក ត្រាំ ដែលចង់ហាមមិនឱ្យចូលរួមកិច្ចប្រជុំ G20 ឆ្នាំក្រោយ (Video inside)

01-12-2025 09:27

(ប្រេតូរីយ៉ា)៖ កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ប្រធានាធិបតីនៃប្រទេសអាហ្រ្វិកខាងត្បូង លោក Cyril Ramaphosa បានទាត់ចោល ការគំរាមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ហាមទីក្រុងប្រេតូរីយ៉ា ពីការចូលរួមកិច្ចប្រជុំកំពូល G20 នាឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃពុធសប្តាហ៍មុន លោក ត្រាំ បាននិយាយថា អាហ្រ្វិកខាងត្បូង នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ G20 ដែលនឹង​ធ្វើឡើងនៅរដ្ឋ Florida ក្នុងឆ្នាំ២០២៦ខាងមុខនេះឡើយ ដោយសារតែបដិសេធផ្ទេរវេនជាប្រធាន G20 ឱ្យទៅអ្នកតំណាងជាន់ខ្ពស់នៃស្ថានទូតអាមេរិក ដែលមានវត្តមានអំឡុងពិធីបិទកិច្ចប្រជុំ នៅអាហ្រ្វិកខាងត្បូង កាលពីខែមុន។ យ៉ាងណាមិញ ទីក្រុងប្រេតូរីយ៉ា បានអះអាងថា ខ្លួនបានផ្ទេរវេនជាប្រធាន ឱ្យទៅមន្រ្តីស្ថានទូតអាមេរិក រួចហើយ។

ក្នុងការថ្លែងសារទៅកាន់ប្រជាជាតិកាលពីថ្ងៃអាទិត្យ លោក Ramaphosa បានលើកឡើងថា អាហ្រ្វិកខាងត្បូង គឺជាសមាជិក ដែលសកម្ម ពេញលេញ និងចូលរួមស្ថាបនា របស់ G20 ហើយនឹងនៅតែបន្តយ៉ាងដូច្នោះ តទៅមុខទៀត។ លោកប្រធានាធិបតី ក៏បានចាត់ទុកជា ការសាបព្រោះព័ត៌មានមិនពិតផងដែរ នូវការអះអាងដដែលៗរបស់លោក ត្រាំ ដែលថា អាហ្រ្វិកខាងត្បូងប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិស្បែកស និងរឹបអូសយកដីធ្លីរបស់ពលរដ្ឋស្បែកស។

គួរបញ្ជាក់ថា កន្លងមកនេះ ទីក្រុងវ៉ាស៉ីនតោន បានធ្វើពហិការចំពោះកិច្ចប្រជុំមេដឹកនាំ G20 ដែលបានប្រព្រឹត្តទៅ ក្រោមវេនជាប្រធានរបស់​អាហ្រ្វិកខាងត្បូង នៅឯទីក្រុង Johannesburg កាលថ្ងៃទី២២-២៣ ខែវិច្ឆិកា៕