តម្លៃប្រេង ហក់ឡើងជាង ១ភាគរយ ក្រោយ OPEC+ បន្តផលិតប្រេងក្នុងកម្រិតដដែល (Video inside)

01-12-2025 09:49

(PERTH)៖ តម្លៃប្រេង បានកើនឡើង ១.៥ភាគរយ នាថ្ងៃចន្ទ ទី១ ខែធ្នូ បន្ទាប់ពីកិច្ចប្រជុំនៃអង្គការ OPEC+ កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ជាថ្មីនូវផែនការរបស់ខ្លួន ក្នុងការផ្អាកបង្កើនទិន្នផលប្រេង នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent មានតម្លៃ ៦៣.៣២ដុល្លារក្នុងមួយបារ៉ែល ដោយបានឡើងថ្លៃ ៩៤សេន ឬ ១.៥១% គិតត្រឹមព្រឹកថ្ងៃចន្ទ។ រីឯប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate មានតម្លៃ ៥៩.៤៥ ដុល្លារក្នុងមួយបារ៉ែល កើនឡើង ៩០សេន ឬ ១.៥៤ភាគរយ។

អង្គការ OPEC+ បានយល់ព្រមរក្សាកម្រិតទិន្នផលប្រេងឱ្យនៅដដែល សម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២៦ ដែលជាការបន្ថយការជំរុញរបស់ខ្លួន ដើម្បីទទួលបានចំណែកទីផ្សារឡើងវិញ ចំពេលមានការភ័យខ្លាចអំពីការផ្គត់ផ្គង់លើសកម្រិត៕