លោក ត្រាំ ទទួលស្គាល់កិច្ចសន្ទនាទូរសព្ទនាពេលថ្មីៗនេះ ជាមួយមេដឹកនាំវ៉េណេស៊ុយអេឡា លោក Maduro
01-12-2025 10:50
(វ៉ាស៉ីនតោន)៖ នាថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទទួលស្គាល់ថា នាពេលថ្មីៗនេះ រូបលោកពិតជាបានជួបសន្ទនាតាមទូរសព្ទ ជាមួយមេដឹកនាំវ៉េណេស៊ុយអេឡា លោក Nicolas Maduro ចំពោះមុខការកើនឡើងជាខ្លាំង នៃភាពតានតឹងរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ កាសែតអាមេរិក New York Times បានរាយការណ៍ថា លោក ត្រាំ និងលោក Maduro បានពិភាក្សាអំពីលទ្ធភាពជួបមុខគ្នា ខណៈនៅថ្ងៃសៅរ៍ កាសែត Wall Street Journal បាននិយាយថា កិច្ចសន្ទនានោះ ក៏រួមមានផងដែរ នូវលក្ខខណ្ឌផ្តល់ការលើកលែងទោស ប្រសិនបើលោក Maduro យល់ព្រមចុះចេញពីអំណាច ដោយខ្លួនឯង។ នៅលើយន្តហោះ Air Force One នាថ្ងៃអាទិត្យ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំមិននិយាយថា វាបានប្រព្រឹត្តទៅដោយមានលទ្ធផលល្អ ឬអាក្រក់នោះទេ។ វាគឺជាកិច្ចសន្ទនាមួយតាមទូរសព្ទ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កំពុងបង្កើតសម្ពាធជាខ្លាំងលើវ៉េណេស៊ុយអេឡា ជាមួយវត្តមានយោធាទ្រង់ទ្រាយធំនៅតំបន់សមុទ្រ Caribbean។ ទីក្រុងវ៉ាស៉ីនតោន បានអះអាងថា យុទ្ធនាការដាក់ពង្រាយយោធានេះ ដែលបានចាប់ផ្តើមតាំងពីខែកញ្ញា គឺដើម្បីទប់ស្កាត់សកម្មភាពរត់ពន្ធគ្រឿងញៀននៅក្នុងតំបន់ ប៉ុន្តែទីក្រុងការ៉ាកាសបានចោទថា គោលបំណងពិតប្រាកដ គឺការផ្លាស់ប្តូររបបនៅវ៉េណេស៊ុយអេឡា។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាត់ទុកលោក Maduro ជាមេដឹកនាំខុសច្បាប់ និងជាមេកើយរបស់ ពួកឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ក្នុងប្រទេសវ៉េណេស៊ុយអេឡាឈ្មោះ Cartel de los Soles ប៉ុន្តែទីក្រុងការ៉ាកាស បានច្រានចោលការចោទប្រកាន់បែបនេះ៕








