ឧប្បត្តិហេតុបាឡុង នាំឱ្យអាកាសយានដ្ឋាន Vilnius ប្រទេសលីទុយអានី ផ្អាកដំណើរការជាថ្មី (Video inside)
01-12-2025 11:48
(វីលនីញូស)៖ អាកាសយានដ្ឋាន Vilnius របស់ប្រទេសលីទុយអានី បានឱ្យដឹងកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ខ្លួនបានផ្អាកប្រតិបត្តិការជាបណ្ដោះអាសន្ន ដោយសារតែសង្ស័យថា មានបាឡុងហោះនៅក្នុងដែនអាកាស ដែលជាការរំខានថ្មីទៀតទៅលើការហោះហើរនៃប្រទេសក្នុងតំបន់បាល់ទិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ ២០២៥។
អាកាសចរណ៍អឺរ៉ុប បានធ្លាក់ចូលទៅក្នុងភាពវឹកវរម្តងហើយម្តងទៀត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារតែសញ្ញារំខានដោយយន្តហោះដ្រូន និងការបំពាន រួមទាំងនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក និងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ហើយអាកាសយានដ្ឋាន Vilnius ត្រូវបានបិទយ៉ាងហោចណាស់ ១០ដង ចាប់តាំងពីដើមខែតុលា។
លីទុយអានីនិយាយថា បាឡុងឧតុនិយម ដែលបង្ហោះដោយពួកអ្នករត់ពន្ធដឹកជញ្ជូនបារីខុសច្បាប់។ ប្រទេសបាល់ទិកមួយនេះ បានបន្ទោសប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ចំពោះការអនុញ្ញាតឱ្យមានសកម្មភាពបែបនេះ ដោយហៅវាថាជាទម្រង់នៃ «ការវាយប្រហារចម្រុះ»។
គួរបញ្ជាក់ថា កាលពីខែតុលា លីទុយអានី បានបិទច្រកផ្លូវគោកទាំងពីរជាមួយព្រំដែនបេឡារុស ដើម្បីឆ្លើយតបនឹងឧប្បត្តិហេតុបាឡុង ប៉ុន្តែបានបើកឡើងវិញកាលពីសប្តាហ៍មុន។ លោក Lukashenko ហៅការបិទព្រំដែននេះថាជា «ល្បិចបោកប្រាស់» ដោយចោទប្រកាន់លោកខាងលិច ប្រើប្រាស់យុទ្ធនាការចម្រុះប្រឆាំងបេឡារុស និងរុស្ស៉ី តាមរយៈការរាយបន្លាលួសតាមព្រំដែន៕







