ថៃធ្វើបត្យាប័នសកម្មជនវៀតណាម ដែលទទួលបានឋានៈជាជនភៀសខ្លួនពី UN (Video inside)
01-12-2025 13:34
(បាងកក)៖ នាថ្ងៃចន្ទនេះ មេធាវីរបស់សកម្មជនវៀតណាមម្នាក់ បានឱ្យដឹងថា សកម្មជនរូបនោះ ដែលទទួលបានឋានៈជាជនភៀសខ្លួន ពីអង្គការសហប្រជាជាតិ (UN) ត្រូវបានប្រទេសថៃ ធ្វើបត្យាប័នទៅកាន់ប្រទេសវៀតណាម ជាទីដែលរូបលោកនឹងត្រូវប្រឈមការជាប់ពន្ធនាគារ រយៈពេល១ទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។
កាលពីសប្តាហ៍មុន តុលាការថៃបានសម្រេចអនុញ្ញាតការធ្វើបត្យាប័ន លោក Y Quynh Bdap ដែលបានរស់នៅនិរទេសខ្លួនក្នុងប្រទេសថៃ ចាប់តាំងពីឆ្នាំ២០១៨មក។ កាលពីខែមករា ឆ្នាំ២០២៤ រូបលោកត្រូវបានតុលាការនៅវៀតណាម ផ្តន្ទាទោសកំបាំងមុខ ក្រោមបទល្មើសភេរវកម្ម។
លោក Bdap ត្រូវបានរកឃើញមានទោស សម្រាប់តួនាទីជាមេខ្លោង នៃការវាយប្រហារមួយកាលពីឆ្នាំ២០២៣ នៅពេលដែលក្រុមខ្មាន់កាំភ្លើង បានជិះម៉ូតូបាញ់រះលើ ប៉ុស្តិ៍ត្រួតពិនិត្យ២កន្លែងរបស់ប៉ូលិស នៅតំបន់ Central Highlands នៃប្រទេសវៀតណាម បណ្តាលឱ្យមនុស្ស៩នាក់ស្លាប់។ ប៉ុន្តែរូបលោកបានបដិសេធការចោទប្រកាន់នោះ។ បើតាមមេធាវីខាងលើ រូបលោកត្រូវបានប៉ូលិសថៃ ប្រគល់ខ្លួនឱ្យទៅអាជ្ញាធរវៀតណាម កាលពីថ្ងៃសុក្រសប្តាហ៍មុន។
លោក Bdap ត្រូវបានផ្តល់ឋានៈជាជនភៀសខ្លួន ដោយ UN ប៉ុន្តែលោកបានស្ថិតក្នុងពន្ធនាគារនៅទីក្រុងបាងកក ចាប់តាំងពីខែធ្នូ ចុងឆ្នាំ២០២៤មក នៅពេលដែលរូបលោកបានជាប់ឃុំខ្លួន ពីបទស្នាក់នៅក្នុងប្រទេសថៃ ដោយពុំមានឯកសារធ្វើដំណើរត្រឹមត្រូវ។ កាលពីឆ្នាំមុន ក្រុមអ្នកជំនាញធ្វើការឱ្យ UN ធ្លាប់បានព្រមានថា លោក Bdap នឹងត្រូវរងហានិភ័យនៃការធ្វើទារុណកម្ម ឬការដាក់ទោសទណ្ឌផ្សេងៗទៀត ប្រសិនបើត្រូវបានបញ្ជូនត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ។
គួរបញ្ជាក់ថា បើតាមការអះអាងរបស់ប៉ូលិសថៃ លោក Bdap គឺជាស្ថាបនិករបស់ក្រុមហៅថា Montagnards Stand for Justice ហើយបានចោទរូបលោកថា ជាអ្នកបង្គាប់បញ្ជាមនុស្សនៅក្នុងក្រុមនេះ ឱ្យធ្វើសកម្មភាពវាយប្រហារឆ្នាំ២០២៣។ ក្រុមខាងលើ ដែលមានគោលដៅតស៊ូស្វែងរកសេរីភាពសាសនា សម្រាប់កុលសម្ព័ន្ធនិងជនជាតិភាគតិច នៅតំបន់ Central Highlands របស់វៀតណាម ត្រូវបានអាជ្ញាធរចាត់ទុក ជាក្រុមភេរវករ៕






