ជនសង្ស័យអាហ្វហ្កានីស្ថាន ដែលបាញ់ប្រហារឆ្មាំការពារអាមេរិក ទំនងជាកើតគំនិតជ្រុលនិយម ក្រោយពេលមកដល់សហរដ្ឋអាមេរិក (Video inside)

01-12-2025 14:17

(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem បានឱ្យដឹងថា ជនសង្ស័យជនជាតិអាហ្វហ្កានីស្ថាន ក្នុងករណីបាញ់ប្រហារសមាជិកឆ្មាំជាតិពីរនាក់ នៅទីក្រុងវ៉ាស៉ីនតោន អាចធ្វើសកម្មភាពដោយសារតែភាពជ្រុលនិយម​ បន្ទាប់ពីរូបគេបានចូលមកសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ ២០២៥។

ជនសង្ស័យ Rahmanullah Lakanwal ភេទប្រុស អាយុ ២៩ឆ្នាំ ប្រឈមនឹងការចោទប្រកាន់ពីបទឃាតកម្មកម្រិតទីមួយ ពាក់ព័ន្ធការបាញ់ប្រហារកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា បណ្តាលឱ្យទាហានឆ្មាំជាតិអាយុ ២០ឆ្នាំម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។ លោកស្រី Noem បានប្រាប់កម្មវិធី Meet the Press របស់ទូរទស្សន៍ NBC យ៉ាងដូច្នេះថា «ខ្ញុំអាចនិយាយបានថា យើងជឿថាគាត់ បានកើតគំនិតជ្រុលនិយម ចាប់តាំងពីមករស់នៅក្នុងសហរដ្ឋអាមេរិក»។ ក្នុងបទសម្ភាសន៍មួយទៀត លោកស្រី Noem និយាយថា «យើងជឿជាក់ថា វាគឺទាក់ទងនឹងការធ្វើទំនាក់ទំនងក្នុងសហគមន៍ និងរដ្ឋដែលគាត់រស់នៅ ហើយយើងនឹងបន្តនិយាយជាមួយ អ្នកដែលបានប្រាស្រ័យទាក់ទងជាមួយគាត់ ដូចជាសមាជិកគ្រួសាររបស់គាត់ និងអ្នកដែលបាននិយាយជាមួយគ្រួសាររបស់គាត់»

គួរបញ្ជាក់ថា ជនសង្ស័យ Lakanwal បានមកដល់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២១ អំឡុងពេលនៃការដកទ័ពអាមេរិកចេញពី អាហ្វហ្កានីស្ថាន។ ជាអ្នករស់នៅរដ្ឋវ៉ាស៉ីនតោនភាគខាងលិច Lakanwal ត្រូវបានចោទប្រកាន់ថា បានបើកឡានឆ្លងតំបន់ ដើម្បីធ្វើសកម្មភាពបាញ់ប្រហារនៅក្បែរសេតវិមាន ជាការវាយប្រហារមួយដ៏គួរឱ្យភ្ញាក់ផ្អើល មុនថ្ងៃបុណ្យ Thanksgiving៕