ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅទូទាំងតំបន់អាស៉ី កើនលើស១០០០នាក់ (Video inside)
01-12-2025 14:54
(អាស៉ី)៖ តួលេខមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់និងបំណាក់ដីដ៏ប្រល័យ នៅទូទាំងតំបន់អាស៉ី បានបន្តកើនលើស ១០០០នាក់ហើយ នាថ្ងៃចន្ទនេះ ស្របពេលដែលប្រទេសរងគ្រោះខ្លាំងធ្ងន់ធ្ងរ ដូចជាស្រីលង្កានិងឥណ្ឌូណេស៉ី បានដាក់ពង្រាយកងកម្លាំងយោធា ដើម្បីជួយអ្នកនៅមានជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥។
កាលពីសប្តាហ៍មុន ប្រព័ន្ធអាកាសធាតុដាច់ដោយឡែកពីគ្នា បាននាំមកនូវការធ្លាក់ភ្លៀងយ៉ាងខ្លាំងក្លា និងជាច្រើនថ្ងៃជាប់គ្នា នៅទូទាំងប្រទេសស្រីលង្កា ព្រមទាំងមួយផ្នែកធំនៃកោះ Sumatra របស់ឥណ្ឌូណេស៉ី រួមជាមួយភាគខាងត្បូងប្រទេសថៃ និងភាគខាងជើងប្រទេសម៉ាឡេស៉ី។
គួរបញ្ជាក់ថា នៅឥណ្ឌូណេស៉ី ទឹកជំនន់និងបំណាក់ដី បានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច៥០២នាក់ ហើយជាង៥០០នាក់ទៀត បន្តបាត់ខ្លួន ខណៈនៅស្រីលង្កា ចំនួនអ្នកស្លាប់ បានកើនដល់យ៉ាងហោច៣៤០នាក់ និងជាច្រើននាក់ផ្សេងទៀត នៅបាត់ខ្លួនដូចគ្នា។ ដោយឡែក ក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងប្រទេសថៃ ក៏មានមនុស្សបាតបង់ជីវិតសរុប យ៉ាងតិច១៧៦នាក់ផងដៃរ៕












