ហុងកុងចាប់ខ្លួនជនសង្ស័យ ១៣នាក់ ពាក់ព័ន្ធនឹងអគ្គិភ័យដែលសម្លាប់មនុស្ស ១៤៦នាក់ (Video inside)

01-12-2025 18:32

(ហុងកុង)៖ អាជ្ញាធរហុងកុងបានប្រកាសនៅថ្ងៃចន្ទនេះថា បានឃាត់ខ្លួនមនុស្ស ១៣នាក់ពីបទសង្ស័យមនុស្សឃាតដោយអចេតនា នៅក្នុងការស៊ើបអង្កេតលើអគ្គិភ័យដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១៤៦នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរបានរកឃើញថា សម្ភារៈជួសជុលដែលមិនមានស្តង់ដារ ជាពិសេសសំណាញ់បៃតងដែលរុំជុំវិញរន្ទា និងពពុះអ៊ីសូឡង់ មិនបានបំពេញតាមស្តង់ដារការពារភ្លើងឆេះទេ ដែលជាមូលហេតុធ្វើឱ្យភ្លើងឆាបឆេះយ៉ាងលឿន។ មន្ត្រីជាន់ខ្ពស់បានបញ្ជាក់ថា អ្នកម៉ៅការបានលាក់បាំងសម្ភារៈទាំងនេះនៅកន្លែងដែលពិបាកត្រួតពិនិត្យ។

ប៉ូលិសបានរកឃើញសាកសពជនរងគ្រោះជាច្រើននៅតាមជណ្តើរ និងដំបូលអគារ ខណៈដែលមនុស្សប្រហែល ៤០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។ ក្នុងចំណោមអ្នកស្លាប់ មានពលករជំនួយការផ្ទះជនជាតិឥណ្ឌូណេស៊ី ៩នាក់ និងហ្វីលីពីន ១នាក់៕