លោក ហ្សេលេនស្គី ថា «បញ្ហាលំបាក» នៅតែមាន ក្រោយកិច្ចចរចាអាមេរិក-អ៊ុយក្រែននៅរដ្ឋផ្លរីដា (Video inside)
01-12-2025 19:07
(ប៉ារីស)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្លែងនៅថ្ងៃចន្ទនេះថា បញ្ហាលំបាកមួយចំនួននៅតែមិនទាន់ត្រូវបានដោះស្រាយ បន្ទាប់ពីកិច្ចចរចាអាមេរិក-អ៊ុយក្រែននៅរដ្ឋផ្លរីដា។ ការលើកឡើងនេះធ្វើឡើងខណៈដែលលោកកំពុងធ្វើដំណើរទស្សនកិច្ចនៅអឺរ៉ុប ដើម្បីស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្ត ហើយបេសកជនលោក ត្រាំ កំពុងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី បានទៅដល់ទីក្រុងប៉ារីស ដើម្បីជួបប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលកំពុងជំរុញឱ្យមាន «កងកម្លាំងធានាសុវត្ថិភាព» ដឹកនាំដោយអឺរ៉ុប។ ទន្ទឹមនឹងនេះ បេសកជនអាមេរិក លោក ស្ទីវ វីតកុហ្វ គ្រោងនឹងជួបលោក ពូទីន នៅថ្ងៃអង្គារសប្តាហ៍នេះ។
ទីក្រុងកៀវ និងសម្ព័ន្ធមិត្ត កំពុងជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនកែសម្រួលផែនការសន្តិភាព ដែលពីដំបូងតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដី កាត់បន្ថយកងទ័ព និងបោះបង់បំណងចូលរួមជាមួយអង្គការណាតូ ដែលអ៊ុយក្រែនចាត់ទុកថាស្មើនឹងការចុះចាញ់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បានទទួលស្គាល់ថាស្ថានការណ៍មានភាពស្មុគស្មាញ ប៉ុន្តែមានសុទិដ្ឋិនិយមដោយសារ «មានវឌ្ឍនភាព»។
គួរបញ្ជាក់ថា អ៊ុយក្រែនកំពុងជួបការលំបាកទ្វេដង ទាំងការបាត់បង់ទឹកដីនៅសមរភូមិ និងរឿងអាស្រូវពុករលួយដែលនាំឱ្យប្រធានខុទ្ទកាល័យលោក ហ្សេលេនស្គី លាលែងពីតំណែង។ លោក ត្រាំ បានហៅរឿងអាស្រូវនេះថាជា «បញ្ហាតូចតាចដ៏លំបាក» ប៉ុន្តែនៅតែជឿជាក់ថាកិច្ចព្រមព្រៀងអាចសម្រេចបាន៕





