លោក ពូទីន អនុញ្ញាតឱ្យពលរដ្ឋចិនចូលរុស្ស៊ី ដោយមិនចាំបាច់មានទិដ្ឋាការរហូតដល់ ៣០ថ្ងៃ (Video inside)

01-12-2025 19:54

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលអនុញ្ញាតឱ្យពលរដ្ឋចិនជាច្រើនប្រភេទ អាចចូលមកកាន់ប្រទេសរុស្ស៊ីដោយមិនចាំបាច់មានទិដ្ឋាការ (Visa-free) សម្រាប់រយៈពេលរហូតដល់ ៣០ថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមដែលទទួលបានការលើកលែងទិដ្ឋាការនេះរួមមាន ភ្ញៀវទេសចរ អ្នកជំនួញ អ្នកសិក្សាអប់រំ សិល្បករ និងកីឡាករ។ ទោះជាយ៉ាងណា ច្បាប់ថ្មីនេះមិនអនុវត្តចំពោះពលករចំណាកស្រុក និស្សិតដែលសិក្សារយៈពេលវែង ឬកម្មករក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទិកនោះទេ។
ក្រឹត្យនេះបានបញ្ជាក់ថា ការសម្រេចចិត្តនេះធ្វើឡើងដើម្បីតបស្នងទៅនឹងចំណាត់ការរបស់ទីក្រុងប៉េកាំង ដែលបានផ្តល់សិទ្ធិស្រដៀងគ្នាដល់ពលរដ្ឋរុស្ស៊ី។ វិធានការថ្មីរបស់រុស្ស៊ីនឹងមានសុពលភាពរហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងចិន កាន់តែជិតស្និទ្ធឡើងក្រោមភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» ជាពិសេសបន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឱ្យមូស្គូពឹងផ្អែកយ៉ាងខ្លាំងលើសេដ្ឋកិច្ចចិន ដើម្បីទប់ទល់នឹងទណ្ឌកម្មលោកខាងលិច៕