ប្រធាន ICC ថាទណ្ឌកម្មរបស់អាមេរិក នឹងមិនអាចផ្លាស់ប្តូរការដោះស្រាយសំណុំរឿងរបស់តុលាការឡើយ (Video inside)
01-12-2025 20:50
(ឡាអេ)៖ ប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសនៅថ្ងៃចន្ទនេះថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកដែលដាក់លើមន្ត្រីជាន់ខ្ពស់របស់តុលាការ បានរំខានដល់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែបានប្តេជ្ញាថា ស្ថាប័ននេះនឹងមិនចុះចាញ់នឹងសម្ពាធពីខាងក្រៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មលើមន្ត្រី ICC ចំនួន ៩រូប រួមទាំងព្រះរាជអាជ្ញា និងចៅក្រម ដើម្បីសងសឹកចំពោះការស៊ើបអង្កេតលើការសង្ស័យឧក្រិដ្ឋកម្មសង្គ្រាមរបស់អ៊ីស្រាអែល។
ចៅក្រម តូម៉ូកូ អាកាណេ (Tomoko Akane) បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងឡាអេថា «យើងមិនទទួលយកសម្ពាធណាមួយពីនរណាម្នាក់ឡើយ លើបញ្ហានៃការបកស្រាយក្របខណ្ឌច្បាប់ និងការវិនិច្ឆ័យសំណុំរឿង»។ លោកស្រីបានទទួលស្គាល់ថា ទណ្ឌកម្មនេះបានធ្វើឱ្យប៉ះពាល់ដល់ជីវិតគ្រួសារ និងរំខានដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់មន្ត្រីគោលដៅ សូម្បីតែនៅក្នុងប្រទេសសមាជិក ICC នៅអឺរ៉ុប។
គួរបញ្ជាក់ថា ICC បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក យ៉ូអាវ ហ្គាឡាន ព្រមទាំងមេដឹកនាំក្រុមហាម៉ាស់ ពាក់ព័ន្ធនឹងការចោទប្រកាន់ឧក្រិដ្ឋកម្មក្នុងសង្គ្រាមហ្គាហ្សា៕





