រុស្ស៊ីថ្កោលទោសសម្ដីមន្ត្រី NATO ស្ដីពី «ការវាយប្រហារទុកជាមុន» ថាជាការបង្កហេតុ និងគ្មានការទទួលខុសត្រូវ (Video inside)
01-12-2025 22:16
(មូស្គូ)៖ ប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃចន្ទនេះថា ការលើកឡើងរបស់មន្ត្រីយោធាកំពូលអង្គការណាតូ (NATO) ដែលថាប្លុកនេះអាចពិចារណា «ការវាយប្រហារទុកជាមុន» គឺជាទង្វើគ្មានការទទួលខុសត្រូវបំផុត និងជាការប៉ុនប៉ងរុញច្រានស្ថានការណ៍ឱ្យកាន់តែតានតឹង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ឧត្តមនាវីឯក Giuseppe Cavo Dragone បានប្រាប់កាសែត Financial Times ថា ណាតូកំពុងសម្លឹងមើលការបង្កើនការឆ្លើយតបរបស់ខ្លួនចំពោះសង្គ្រាមកូនកាត់ពីទីក្រុងមូស្គូ ហើយបាននិយាយថា «ការវាយប្រហារទុកជាមុន» អាចត្រូវបានចាត់ទុកថាជា «សកម្មភាពការពារ»។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានឆ្លើយតបថា សម្តីនេះបង្ហាញពីការត្រៀមខ្លួនរបស់សម្ព័ន្ធមិត្តក្នុងការបន្តឆ្ពោះទៅរកការកើនឡើងនៃជម្លោះ។ លោកស្រីបានព្រមានថា «អ្នកដែលធ្វើសេចក្តីថ្លែងការណ៍បែបនេះ គួរតែដឹងពីហានិភ័យ និងផលវិបាកដែលអាចកើតមាន រាប់បញ្ចូលទាំងសម្រាប់សមាជិកសម្ព័ន្ធមិត្តផ្ទាល់ផងដែរ»៕





