សេតវិមាន អះអាងថាការវាយប្រហាររបស់យោធាអាមេរិកលើទូកសង្ស័យដឹកគ្រឿងញៀន គឺស្របតាមច្បាប់ (Video inside)
02-12-2025 09:35
(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃចន្ទ ទី១ ខែធ្នូ បានចេញមុខការពារការសម្រេចចិត្តរបស់ឧត្តមនាវីអាមេរិកម្នាក់ពាក់ព័ន្ធនឹងការវាយប្រហារជាច្រើនលើកលើទូកវ៉េណេស៊ុយអេឡាមួយគ្រឿង ដែលសង្ស័យថាដឹកគ្រឿងញៀនកាលពីខែកញ្ញាកន្លងទៅ ដោយនិយាយថាឧត្តមនាវីរូបនេះទទួលបានការអនុញ្ញាតពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ខណៈក្រុមអ្នករិះគន់ បានចោទសួរពីភាពស្របច្បាប់នៃការវាយប្រហារសម្លាប់អ្នកនៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រតិកម្មខាងលើរបស់សេតវិមាន កើតឡើងមានបន្ទាប់ពីកាសែតអាមេរិក Washington Post បានរាយការណ៍ថាការវាយប្រហារមួយជាលើកទី២ត្រូវបានបង្គាប់ឱ្យសម្លាប់មនុស្ស២នាក់ដែល នៅរស់រានមានជីវិតពីការវាយប្រហារលើកទី១ ហើយនេះជាការអនុវត្តតាមបទបញ្ជារបស់លោក Hegseth ដែលថាកុំទុកឱ្យជនសង្ស័យណាម្នាក់នៅមានជីវិត។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បាននិយាយថាលោកមិនចង់ឱ្យមានការវាយប្រហារដល់ទៅ២លើកនោះទេ ហើយថាលោក Hegseth បានបដិសេធថាមិនបានចេញបញ្ជារបៀប នេះឡើយ។
ប៉ុន្តែ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt កាលពីថ្ងៃចន្ទបាននិយាយថាលោក Hegseth បានអនុញ្ញាតឱ្យលោកឧត្តមនាវី Frank Bradley ដឹកនាំការវាយប្រហារ កាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅ។ «លោករដ្ឋមន្ត្រី Hegseth បានអនុញ្ញាតឱ្យលោកឧត្តមនាវី Bradley ដឹកនាំការវាយប្រហារនោះ។ លោកឧត្តមនាវី Bradley បានបំពេញតាមតួនាទី បានយ៉ាងល្អដោយអនុវត្តតាមបញ្ជារបស់លោក និងស្របទៅតាមច្បាប់ដើម្បីធានាឱ្យបានទូកនោះត្រូវបានបំផ្លាញ ហើយការគំរាមកំហែងលើសហរដ្ឋអាមេរិកត្រូវបានលុបបំបាត់»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Leavitt ដោយបន្ថែមថាការវាយប្រហារត្រូវបានធ្វើឡើងក្រោមវិធានការស្វ័យការពារខ្លួនដើម្បីការពារផលប្រយោជន៍អាមេរិក និងធ្វើឡើងក្នុងដែនទឹក អន្តរជាតិ ហើយស្របទៅនឹងច្បាប់នៃជម្លោះប្រដាប់អាវុធ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានចាប់ផ្ដើមបើកការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនចាប់តាំងពីដើមខែកញ្ញាមក នៅក្នុងតំបន់ Caribbean និងប៉ាស៊ីហិ្វក ដោយសម្លាប់មនុស្ស យ៉ាងហោច ៨៣នាក់៕








