រុស្ស៉ីអះអាងពីការវាយដណ្ដើមកាន់កាប់ទីក្រុង Pokrovsk និង Vovchansk របស់អ៊ុយក្រែន (Video inside)

02-12-2025 10:32

(Reuters)៖ មេបញ្ជាការយោធារុស្ស៉ីបានប្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងការអត្ថាធិប្បាយមួយដែលត្រូវបានរាយការណ៍កាលពីថ្ងៃចន្ទ ទី១ ខែធ្នូថាកងកម្លាំងរុស្ស៉ីវាយដណ្ដើមកាន់កាប់ បានទីក្រុង Pokrovsk និងទីក្រុង Vovchansk ដែលលោក ពូទីនចាត់ទុកជាជោគជ័យសំខាន់មួយនឹងនាំទៅរកភាពរីកចម្រើនបន្ថែមទៀតលើសមរភូមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសពីការវាយដណ្ដើមបានទីក្រុងទាំង២ខាងលើធ្វើឡើងចំពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បើកកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីសជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងនៅមុនបេសកជនពិសេសអាមេរិក លោក Steve Witkoff ជួបលោក ពូទីន ក្នុងទីក្រុងមូស្គូដើម្បីពិភាក្សាអំពីផែនការសន្តិភាពមួយគាំទ្រដោយសហរដ្ឋអាមេរិក។ អគ្គនាយសេនាធិការកងកម្លាំងរុស្ស៉ី លោក Valery Gerasimov ត្រូវបានរាយការណ៍ថាបានប្រាប់លោក ពូទីន អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ីទៅកាន់ទីបញ្ជាការយោធាមួយ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថាកងទ័ពរុស្ស៉ីបានវាយរំដោះទីក្រុង Pokrovsk និងទីក្រុង Vovchansk។ ក្រសួងការពារជាតិរុស្ស៉ីក៏បានបង្ហាញវីដេអូបង្ហាញពីទាហានរុស្ស៉ីដោតទង់ជាតិរុស្ស៉ី នៅឯទីលានមួយស្ថិតនៅកណ្ដាលទីក្រុង Pokrovsk ផងដែរ។

លោក Gerasimov ថែមទាំងប្រាប់លោក ពូទីនទៀតផងថាកងកម្លាំងរុស្ស៉ីបានប្ដេជ្ញាចិត្តដើម្បីវាយដណ្ដើមយកតំបន់ដុនបាស់ទាំងមូល ដែលមានខេត្ត Donetsk និង Luhansk រួមបញ្ចូលគ្នា ខណៈលោក ពូទីនត្រូវបានស្រង់សម្ដីដោយនិយាយថា «នេះជាទិសដៅដ៏មានសារៈសំខាន់មួយ។ យើងទាំងអស់គ្នាពិតជាដឹងថាវាមានសារៈសំខាន់កម្រិតណា»

គួរបញ្ជាក់ថា ក្រុមមន្ត្រីអ៊ុយក្រែនបានទាត់ចោលការអះអាងរបស់រុស្ស៉ីដោយហៅថាជាព័ត៌មានក្លែងក្លាយ។ ប៉ុន្តែបើវាជាការពិតមែន នោះការបាត់បង់ទីក្រុងទាំង២ខាងលើ នឹងបង្កការលំបាកដល់ អ៊ុយក្រែនក្នុងការផ្គត់ផ្គង់ដល់ទាហានជួរមុខរបស់ខ្លួន ហើយអាចនឹងផ្ដល់ឱ្យរុស្ស៉ីនូវមូលដ្ឋានមួយដើម្បីវាយរុលឆ្ពោះទៅកាន់ទីក្រុងផ្សេងទៀតក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន៕