មនុស្ស ៣៣នាក់បានស្លាប់ នៅគុយបា ដោយសារជំងឺឆ្លងតាមរយៈសត្វមូស ចំពេលមានការរាតត្បាតខ្លាំង (Video inside)

02-12-2025 11:09

(ឡាហាវ៉ាន)៖ កាលពីថ្ងៃចន្ទ ទី១ ខែធ្នូ ប្រទេសគុយបា បានបញ្ជាក់ថា មនុស្សចំនួន ៣៣នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺឆ្លងតាមរយៈការខាំរបស់សត្វមូស នារយៈពេលប៉ុន្មានខែចុងក្រោយនៃការរាតត្បាត ក្នុងចំណោមមួយភាគបីនៃប្រជាជនសរុប។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកស្រី Carilda Peña និយាយថា មនុស្ស ១២នាក់បានស្លាប់ដោយជំងឺគ្រុនឈាម និង ២១នាក់ស្លាប់ដោយជំងឺ Chikungunya (គ្រុនក្តៅធ្ងន់ធ្ងរ) ដែលបានរាលដាលយ៉ាងទូលំទូលាយ នៅទូទាំងប្រទេសកោះ Caribbean មួយនេះ។ យ៉ាង​ហោច​ណាស់ ២១​នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់ ​មាន​អាយុ​ក្រោម ១៨​ឆ្នាំ។

ជំងឺគ្រុនឈាម បានញាំញីប្រទេសគុយបាជាយូរណាស់មកហើយ ប៉ុន្តែកាន់តែអាក្រក់ទៅៗ ដោយសារកង្វះថវិកា និងប្រេងឥន្ធនៈ ដែលរារាំងដល់សមត្ថភាពរបស់រដ្ឋាភិបាល ទាក់ទងនឹងការដុត និងសម្អាតសំរាមតាមដងផ្លូវ រួមទាំងបញ្ហាបំពង់បង្ហូរប្រេងដែលលេចធ្លាយ។ ដោយឡែក ជំងឺ Chikungunya ដែលកម្រកើតមាន ក៏បានរីករាលដាលយ៉ាងឆាប់រហ័សផងដែរនាប៉ុន្មានខែថ្មីៗនេះ។ មិនមានការព្យាបាលជាក់លាក់ណាមួយទេ សម្រាប់ជំងឺ Chikungunya ដែលចម្លងដោយមូសខ្លា ក៏ដូចជាជំងឺគ្រុនឈាម និងជំងឺ Zika។

គួរបញ្ជាក់ថា ករណីស្លាប់ និងការរាតត្បាតខ្លាំងក្លា គឺជាដំណឹងអាក្រក់បន្ថែមទៀតសម្រាប់គុយបា ដែលប្រព័ន្ធថែទាំសុខភាព កំពុងប្រឈមមុខនឹងការដួលរលំរួចទៅហើយ ពីព្រោះវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលបានជំរុញឱ្យមានកង្វះស្បៀងអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យ៕