លោក ពូទីន ត្រូវគេរំពឹងថា នឹងព្យាយាមជំរុញការនាំចេញថាមពលនិងសព្វាវុធរបស់រុស្ស៉ី អំឡុងទស្សនកិច្ចនៅឥណ្ឌា ក្នុងសប្តាហ៍នេះ (Video inside)
02-12-2025 14:09
(មូស្គូ)៖ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងត្រូវទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសឥណ្ឌា ហើយលោកត្រូវបានរំពឹងថា នឹងព្យាយាមជំរុញការលក់ប្រេង ព្រមទាំងសព្វាវុធរបស់រុស្ស៉ី ដូចជាប្រព័ន្ធមីស៉ីល និងយន្តហោះចម្បាំងជាដើម បន្ថែមទៀត ដើម្បីស្តារទំនាក់ទំនងថាមពល និងការពារជាតិ ដែលបានរងផលប៉ះពាល់ ដោយសារតែការដាក់សម្ពាធពីសហរដ្ឋអាមេរិកលើឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥។
រុស្ស៉ីគឺជាអ្នកផ្គត់ផ្គង់សព្វាវុធដល់ឥណ្ឌា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយទីក្រុងញូវដែលី បានក្លាយជាអតិថិជនកំពូលនៃប្រេងរបស់រុស្ស៉ី បើទោះបីជាមាន ការដាក់ទណ្ឌកម្មរបស់លោកខាងលិច ក្រោយសង្រ្គាមនៅអ៊ុយក្រែន កាលពីឆ្នាំ២០២២ក៏ដោយ។ ប៉ុន្តែការនាំចូលប្រេងឆៅរបស់ឥណ្ឌា ត្រូវគេរំពឹងថា នឹងមានកម្រិតទាបបំផុត ក្នុងរយៈពេល៣ឆ្នាំ នៅខែធ្នូនេះ ក្រោយការរឹតបន្តឹងទណ្ឌកម្មលើរុស្ស៉ី បូករួមជាមួយការកើនឡើងនៃការទិញប្រេងនិងឧស្ម័នពីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ក្នុងទស្សនកិច្ចលើកដំបូងគិតក្នុងរយៈពេល៤ឆ្នាំ ទៅកាន់ប្រទេសឥណ្ឌា ដើម្បីបើកកិច្ចប្រជុំកំពូល ជាមួយនាយករដ្ឋមន្រ្តី លោក Narendra Modi លោក ពូទីន នឹងត្រូវអមដំណើរដោយ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov ព្រមទាំងប្រតិភូចម្រុះមកពីវិស័យធុរកិច្ច និងឧស្សាហកម្មរុស្ស៉ី។ ក្រុមអ្នកជំនាញមើលឃើញថា ទស្សនកិច្ចរបស់លោក ពូទីន ផ្តល់នូវឱកាសឱ្យទីក្រុងញូវដែលី បញ្ជាក់ឡើងវិញនូវភាពរឹងមាំនៃទំនាក់ទំនងពិសេសរបស់ខ្លួន ជាមួយទីក្រុងមូស្គូ ទោះបីបានប្រឈមជាមួយស្ថានការណ៍វិវត្តន៍មួយរយៈចុងក្រោយនេះក៏ដោយ ហើយបើកផ្លូវឱ្យមានកិច្ចព្រមព្រៀងសព្វាវុធថ្មីៗថែមទៀត៕




