អាមេរិក លែងយកពន្ធលើថ្នាំពេទ្យនាំចូលពីអង់គ្លេស ខណៈអង់គ្លេស ត្រូវវិនិយោគបន្ថែមលើការផលិតថ្នាំពេទ្យ សម្រាបលក់ឱ្យអាមេរិក (Video inside)

02-12-2025 15:10

(វ៉ាស៉ីនតោន)៖ កិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ត្រូវបានប្រកាស កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដើម្បីធានាដល់ការដកពន្ធលើផលិតផលឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់អង់គ្លេស ជាថ្នូរនឹងការដែលចក្រភពអង់គ្លេស ចំណាយថវិកាបន្ថែមក្នុងការវិនិយោគផ្នែកឱសថ ដែលជួយឱ្យតម្លៃឱសថចុះថោក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២​ ខែធ្នូ ឆ្នាំ ២០២៥។

នៅក្រោមកិច្ចព្រមព្រៀង ចក្រភពអង់គ្លេស នឹងត្រូវចំណាយបន្ថែម ២៥ភាគរយ ទៅក្នុងការផលិតថ្នាំពេទ្យថ្មីៗឱ្យសហរដ្ឋអាមេរិក។ ជាថ្នូរមកវិញ ឱសថដែលផលិតដោយអង់គ្លេស គ្រឿងផ្សំឱសថ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ នឹងត្រូវបានលើកលែងពីពន្ធពាណិជ្ជកម្ម និងពន្ធគយនាពេលអនាគត។ តាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer លទ្ធផលដែលបានមកពី ការចរចាអាមេរិក-អង់គ្លេស ​នឹង​ជួយ​ជំរុញ​ការ​វិនិយោគ ក៏ដូចជាការ​បង្កើត​ថ្មី​ក្នុង​ប្រទេស​ទាំង​ពីរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យចក្រភពអង់គ្លេស និងប្រទេសអឺរ៉ុបផ្សេងទៀត វិនិយោគបន្ថែមលើការផលិតថ្នាំពេទ្យសម្រាប់លក់ឱ្យអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធការរបស់សហរដ្ឋអាមេរិក ឱ្យសមនឹងការចំណាយដើម្បីនាំចូល ហើយស្របតាមការចំណាយពីប្រទេសអ្នកមានផ្សេងទៀត៕