UN ប្រកាសកាត់បន្ថយការងារ ១៨ភាគរយ និងទម្លាក់ការចំណាយឆ្នាំ ២០២៦ (Video inside)

02-12-2025 15:40

(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានបង្ហាញគម្រោងផ្លូវការមួយ ដោយកាត់បន្ថយថវិកាស្នូលរបស់ UN សម្រាប់ឆ្នាំ ២០២៦ គឺចំនួន ៥៧៧លានដុល្លារ ហើយកាត់បន្ថយការងារជាង ១៨ភាគរយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ ២០២៥។

លោក Guterres កំពុងស្វែងរកមធ្យោបាយកែលម្អប្រសិទ្ធភាព និងកាត់បន្ថយការចំណាយ ចំពេលមានវិបត្តិសាច់ប្រាក់ ដែលភាគច្រើនគឺដោយសារតែសហរដ្ឋអាមេរិក មិនបានបង់ថវិកាមូលនិធិ។ លោក Guterres បានប្រាប់សមាជិកទាំង ១៩៣នៃមហាសន្និបាត UN យ៉ាងដូច្នេះថា «យើងបានបញ្ចប់ឆ្នាំ ២០២៤ ជាមួយថវិកាចំនួន ៧៦០លានដុល្លារ ដែលសមាជិកនានាមិនទាន់បង់ ក្នុងនោះថវិកា ៧០៩លានដុល្លារ មិនទាន់បានសងទេ ចាប់ពីឆ្នាំ ២០២៤។ យើងក៏មិនបានទទួលថវិកា ៨៧៧លានដុល្លារ ក្នុងឆ្នាំ ២០២៥ដែរ ដូច្នេះហើយថវិកាដែលជំពាក់ឥឡូវនេះ មានចំនួនសរុប ១ ៥៨៦លានដុល្លារ»

លោក Guterres បានស្នើថវិកាស្នូលចំនួន ៣ ២៣៨ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៦ ដែលកាត់បន្ថយ ១៥ភាគរយ បើធៀបនឹងឆ្នាំនេះ។ ថវិកានោះ នឹងយកទៅប្រើប្រាស់ផ្នែកនយោបាយ មនុស្សធម៌ ការរំសាយអាវុធ សេដ្ឋកិច្ច សង្គមកិច្ច និងការងារទំនាក់ទំនង។ ដោយឡែក ការរួមចំណែកពីទីភ្នាក់ងារ មូលនិធិ និងកម្មវិធីរបស់ UN ភាគច្រើន ដូចជាកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការ UNICEF គឺជាការស្ម័គ្រចិត្ត។

តាមលោក Guterres កងរក្សាសន្តិភាព UN មានថវិកាដាច់ដោយឡែក។ តែកាលពីខែតុលា មន្ត្រីជាន់ខ្ពស់ UN ម្នាក់ បាននិយាយថា ១ភាគ ៤នៃប្រតិបត្តិការរក្សាសន្តិភាពចំនួន ៩ជុំវិញពិភពលោក នឹងត្រូវកាត់បន្ថយដោយសារកង្វះថវិកា ហើយដោយសារតែមូលនិធិនាពេលអនាគតពីសហរដ្ឋអាមេរិក ស្ថិងក្នុងភាពមិនប្រាកដប្រជា៕