អាមេរិក ថានឹងប្រើប្រាស់តួនាទីជាប្រធានប្តូរវេន G20 ទៅផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច (Video inside)
02-12-2025 16:20
(វ៉ាស៉ីនតោន)៖ នាថ្ងៃទី១ ខែធ្នូ សហរដ្ឋអាមេរិក បានចូលកាន់តំណែងប្រធានប្តូរវេននៃក្រុមប្រទេសមានសេដ្ឋកិច្ចធំៗ G20 ដែលមានរយៈពេល ១២ខែ ដែលទីក្រុងវ៉ាស៉ីនតោនថា នឹងផ្តោតលើរបៀបវារៈលើកកម្ពស់កំណើនសេដ្ឋកិច្ច និងវិបុលភាព។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការបរទេសអាមេរិក បានប្រកាសអំពីការកាន់តំណែងជាផ្លូវការ ដែលមានខ្លឹមសារដូច្នេះថា «យើងនឹងផ្តល់អាទិភាពលើប្រធានបទស្នូលចំនួន ៣ នោះគឺការបញ្ចេញភាពរុងរឿងផ្នែកសេដ្ឋកិច្ច តាមរយៈការកំណត់បន្ទុកបទប្បញ្ញត្តិ ដោះសោខ្សែចង្វាក់ផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ និងសុវត្ថិភាព រួមទាំងការត្រួសត្រាយបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ»។
កិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២៦ គ្រោងធ្វើឡើងនៅឯរីសតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នៃឆ្នេរសមុទ្រ Miami។ លោក ត្រាំ ធ្លាប់និយាយថា នឹងមិនអញ្ជើញអាហ្រ្វិកខាងត្បូង ឱ្យចូលរួមឡើយ បន្ទាប់ពីសហរដ្ឋអាមេរិក ធ្វើពហិការកិច្ចប្រជុំឆ្នាំនេះ ដែលរៀបចំដោយទីក្រុង Pretoria៕




