នាយករដ្ឋមន្រ្តីថៃ អានុទីន ធ្លាក់ចុះប្រជាប្រិយភាពខ្លាំង ក្រោយមហន្តរាយទឹកជំនន់នៅភាគខាងត្បូងប្រទេស (Video inside)

02-12-2025 17:29

(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក Anutin Charnvirakul កំពុងប្រឈមមុខការរិះគន់យ៉ាងខ្លាំង ដោយសារតែការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាលលោក ចំពោះគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតមួយ ដែលបានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥។

មនុស្សយ៉ាងហោចចំនួន១៧៦នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះទឹកជំនន់ដ៏សាហាវមិនធ្លាប់មាន ក្នុងរយៈពេលប្រហែលកន្លះសតវត្សរ៍ ដែលបានវាយប្រហារខេត្តជិត១០ នៅភាគខាងត្បូងថៃ កាលពីខែវិច្ឆិកាកន្លងទៅនេះ ហើយក្នុងចំណោមនោះ អ្នកស្លាប់ភាគច្រើន ស្ថិតនៅតំបន់ទីក្រុង Hat Yai នៃខេត្ត Songkhla។

គ្រោះមហន្តរាយខាងលើ គឺជាការធ្វើតេស្តធំដំបូងមួយ សម្រាប់លោក Anutin ដែលទើបឡើងកាន់អំណាចកាលពីខែកញ្ញា ក្រោយនាយករដ្ឋមន្រ្តីមុន ត្រូវបានតុលាការធម្មនុញ្ញដកតំណែង។ ឥឡូវនេះ ប្រជាជននៅតាមបណ្តាខេត្តរងគ្រោះ និងអ្នកវិភាគ កំពុងចោទសួរថា តើគណបក្ស Bhumjaithai របស់លោក អាចធ្វើតាមសន្យាដែរឬអត់ ស្របពេលដែលប្រទេសកំពុងឆ្ពោះទៅរក​ការបោះឆ្នោតសកលមុនអាណត្តិ ត្រូវបានរំពឹងថា នឹងរៀបចំឡើងនៅឆ្នាំក្រោយ។

អ្នកវិភាគនយោបាយថៃ បានបង្ហាញការយល់ឃើញថា គ្រោះទឹកជំនន់នេះ បានជះផលប៉ះពាល់អវិជ្ជមានជាខ្លាំង ចំពោះប្រជាប្រិយភាព របស់លោក Anutin និងរដ្ឋាភិបាលថៃ ដោយសារមើលជាក់ស្តែងទៅ ក្នុងពេលមានគ្រាអាសន្ន លោក Anutin ហាក់ដូចជាអសមត្ថភាពក្នុងការគ្រប់គ្រងដោះស្រាយ។

ការស្ទង់មតិមួយដោយសាកលវិទ្យាល័យ Suan Dusit កាលពីសប្តាហ៍មុន អំឡុងពេលដែលទឹកជំនន់ស្ថិតក្នុងសភាព​ធ្ងន់ធ្ងរបំផុតនោះ បានបង្ហាញថា អត្រាប្រជាប្រិយភាពរបស់លោក Anutin បានធ្លាក់ពី៤៨ភាគរយ មកនៅត្រឹម២៣ភាគរយ។ ភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់គ្នា បានចាប់ផ្តើមតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ប៉ុន្តែដំបូងឡើយ ការឆ្លើយតបរបស់រដ្ឋាភិបាលថៃ ត្រូវគេមើលឃើញថា មានភាពយឺតយ៉ាវ ដោយកិច្ចប្រឹងប្រែងជួយសង្រ្គោះ បានចាប់ផ្តើមកើនឡើងសន្ទុះ ទាល់តែយោធាថៃ ត្រូវបានដាក់ឱ្យទទួលបន្ទុក នៅរយៈពេលជិតមួយសប្តាហ៍ក្រោយមកប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងជាមួយក្រុមបក្សប្រឆាំង ដើម្បីបានឡើងកាន់អំណាច លោក Anutin បានសន្យាថា នឹងរំលាយសភា មុនដំណាច់ខែមករា ដើមឆ្នាំ២០២៦ ដើម្បីបើកផ្លូវសម្រាប់ការរៀបចំបោះឆ្នោតសកល នៅអំឡុងចន្លោះខែមីនា ឬមេសា៕