បេសកជនលោក ត្រាំ និងកូនប្រសារ ត្រៀមជួបលោក ពូទីន នៅមូស្គូ ដើម្បីពិភាក្សាបញ្ចប់សង្គ្រាម
02-12-2025 18:52
(មូស្គូ)៖ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ស្ទីវ វីតកុហ្វ និងកូនប្រសារលោក ត្រាំ គឺលោក ចារ៉េដ គូសនឺ នឹងជួបប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីមធ្យោបាយបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានបញ្ជាក់ថា ជំនួបនេះនឹងធ្វើឡើងនៅរសៀលថ្ងៃអង្គារ (ម៉ោងក្នុងតំបន់)។ ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីកិច្ចចរចានៅហ្សឺណែវ បានបង្កើត «ក្របខណ្ឌសន្តិភាពដែលបានកែសម្រួល» ដែលលោក ពូទីន ធ្លាប់បានលើកឡើងថា អាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀង។
ស្ថានការណ៍នៅសមរភូមិនៅតែតានតឹង ខណៈដែលមេបញ្ជាការយោធារុស្ស៊ីបានរាយការណ៍ប្រាប់លោក ពូទីន កាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ទីក្រុង Pokrovsk និង Vovchansk។ បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែនជាង ១៩% ហើយកំពុងរុលទៅមុខក្នុងល្បឿនលឿនបំផុត។
មន្ត្រីអាមេរិកប៉ាន់ប្រមាណថា មនុស្សជាង ១.២លាននាក់បានស្លាប់ ឬរបួសនៅក្នុងសង្គ្រាមនេះ។ លោក ពូទីន បានព្រមានថា ប្រសិនបើអ៊ុយក្រែនបដិសេធកិច្ចព្រមព្រៀង កងកម្លាំងរុស្ស៊ីនឹងបន្តរុលទៅមុខទៀត៕





