ប្រមុខ NATO បញ្ជាក់ថា មិនទាន់មានការឯកភាពគ្នាលើសមាជិកភាពរបស់អ៊ុយក្រែននៅឡើយទេ (Video inside)
02-12-2025 20:39
(ព្រុចសែល)៖ អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រុត្តេ (Mark Rutte) បានបញ្ជាក់សារជាថ្មីនៅថ្ងៃអង្គារនេះថា បច្ចុប្បន្នមិនទាន់មានការឯកភាពគ្នាជាឯកច្ឆន្ទក្នុងចំណោមសមាជិក ដើម្បីទទួលយកអ៊ុយក្រែនចូលក្នុងសម្ព័ន្ធភាពយោធានេះនៅឡើយទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក រុត្តេ បានប្រាប់អ្នកសារព័ត៌មានថា «ស្ថានភាពជាក់ស្តែងគឺដូចដែលអ្នកបានដឹងហើយថា វាទាមទារឱ្យមានការឯកភាពគ្នាពីសម្ព័ន្ធមិត្តទាំងអស់សម្រាប់អ៊ុយក្រែនក្នុងការចូលរួមជាមួយណាតូ។ ហើយនៅពេលនេះ ដូចដែលអ្នកដឹងស្រាប់ហើយ មិនមានការឯកភាពគ្នាលើរឿងនេះទេ»៕




