លោក Netanyahu ថា កិច្ចព្រមព្រៀងជាមួយស៊ីរីអាចទៅរួច និងរំពឹងមាន «តំបន់ទ្រនាប់គ្មានយោធា»
02-12-2025 21:08
(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានថ្លែងនៅថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងជាមួយស៊ីរីគឺអាចធ្វើទៅបាន ហើយលោករំពឹងថាអាជ្ញាធរស៊ីរីនឹងបង្កើតតំបន់ទ្រនាប់គ្មានយោធា ចាប់ពីទីក្រុងដាម៉ាស រហូតដល់ភ្នំហឺម៉ុន (Mount Hermon)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ការលើកឡើងនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងព្យាយាមសម្របសម្រួលកតិកាសញ្ញាមិនឈ្លានពានគ្នា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសន្ទនារវាងអ៊ីស្រាអែល និងស៊ីរី។
លោក នេតាន់យ៉ាហ៊ូ បានបញ្ជាក់ថា «អ្វីដែលយើងរំពឹងឱ្យស៊ីរីធ្វើ គឺបង្កើតតំបន់ទ្រនាប់គ្មានយោធា...យើងកាន់កាប់តំបន់ទាំងនេះដើម្បីធានាសន្តិសុខពលរដ្ឋអ៊ីស្រាអែល»។ លោកបានបន្ថែមថា ជាមួយនឹងឆន្ទៈល្អ និងការយល់ដឹងពីគោលការណ៍ទាំងនេះ កិច្ចព្រមព្រៀងគឺអាចសម្រេចបាន។
គួរបញ្ជាក់ថា លោក ត្រាំ បានគាំទ្រមេដឹកនាំថ្មីរបស់ស៊ីរី លោក អាមេដ អាល់-សារ៉ា (Ahmed al-Sharaa) ខណៈដែលអ៊ីស្រាអែលនៅមានការប្រុងប្រយ័ត្នចំពោះប្រវត្តិរបស់លោកជាមួយក្រុមសកម្មប្រយុទ្ធ។ ទោះជាយ៉ាងណា ភាគីទាំងពីរកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀង ទោះបីជាមានការប៉ះទង្គិចគ្នាថ្មីៗនៅភាគខាងត្បូងស៊ីរីក៏ដោយ៕




