ហាម៉ាស ប្រគល់សាកសពចំណាប់ខ្មាំងម្នាក់ក្នុងចំណោមពីរនាក់ចុងក្រោយដែលនៅសេសសល់ ខណៈអ្នកកាសែតប៉ាឡេស្ទីនស្លាប់ក្នុងការវាយប្រហារ (Video inside)
02-12-2025 21:59
(ហ្គាហ្សា)៖ ក្រុមហាម៉ាស់បានប្រកាសនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងប្រគល់អដ្ឋិធាតុសាកសពចំណាប់ខ្មាំងម្នាក់ក្នុងចំណោមពីរនាក់ចុងក្រោយដែលនៅសេសសល់ក្នុងតំបន់ហ្គាហ្សា។ ទន្ទឹមនឹងនេះ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានសម្លាប់អ្នកកាសែតម្នាក់នៅភាគខាងត្បូងហ្គាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនទទួលបាន «វត្ថុតាង» ដែលនឹងត្រូវយកទៅពិនិត្យកោសល្យវិច័យនៅអ៊ីស្រាអែល។ ចំណាប់ខ្មាំងដែលស្លាប់ពីរនាក់ចុងក្រោយនោះគឺ មន្ត្រីប៉ូលិសអ៊ីស្រាអែល Ran Gvili និងជនជាតិថៃ Sudthisak Rinthalak ដែលត្រូវបានចាប់ជំរិតកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
នៅព្រឹកថ្ងៃអង្គារនេះដែរ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅខាន់យូនីស បានសម្លាប់អ្នកកាសែតឯករាជ្យឈ្មោះ Mahmoud Wadi។ មន្ត្រីយោធាអ៊ីស្រាអែលបានអះអាងថា Wadi បានចូលរួមក្នុងការវាយប្រហារថ្ងៃទី៧ តុលា ប៉ុន្តែ Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះបានទេ។
គួរបញ្ជាក់ថា ទោះបីជាមានបទឈប់បាញ់តាំងពីថ្ងៃទី១០ ខែតុលា ក៏ដោយ ក៏ហិង្សានៅតែបន្តកើតមាន ដោយមានជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៥៧នាក់ត្រូវបានសម្លាប់ចាប់តាំងពីពេលនោះមក។ គណៈកម្មាធិការការពារអ្នកកាសែត (CPJ) បានកត់ត្រាថា អ្នកកាសែត ២០១នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ៕





