លោក Lee Jae Myung៖ កូរ៉េខាងត្បូងមិនគួរឈរខាងភាគីណាមួយទេ ក្នុងជម្លោះការទូតរវាងចិន និងជប៉ុន (Video inside)

03-12-2025 09:41

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃពុធ ទី៣ ខែធ្នូ បាននិយាយថាទីក្រុងសេអ៊ូលមិនគួរឈរនៅខាងភាគីណាមួយនោះទេ ក្នុងជម្លោះការទូតរវាងចិន ជប៉ុនជុំវិញបញ្ហាកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការកត់សម្គាល់បែបនេះរបស់លោក Lee Jae Myung ធ្វើឡើងនៅឯសន្និសីទសារព័ត៌មានមួយ។ លោក Lee បានគូសបញ្ជាក់ដូច្នេះថា «ជប៉ុន និងចិនកំពុងមានជម្លោះ (ការទូត) នឹងគ្នា ហើយការលម្អៀងឈរនៅខាងភាគីណាមួយ នឹងមានតែធ្វើឱ្យស្ថានការ

ណ៍កាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះ»។ លោកបន្តទៀតថាវិធីសាស្ត្រដ៏ល្អ គឺរួមរស់ជាមួយគ្នា គោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ តាមមេដឹកនាំកូរ៉េខាងត្បូង បើនិយាយពីលក្ខខណ្ឌសន្តិសុខយោធា តំបន់អាស៊ីបូព៌ាគឺជាតំបន់មួយមានហានិភ័យគ្រោះថ្នាក់ខ្ពស់បំផុត។

គួរបញ្ជាក់ថា ចិន និងជប៉ុនកំពុងមានជម្លោះការទូតនឹងគ្នា បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងថាទីក្រុងតូក្យូអាចនឹងធ្វើអន្តរគមន៍យោធា ប្រសិនបើចិនប្រើប្រាស់កម្លាំងយោធាដើម្បីគ្រប់គ្រងតៃវ៉ាន់។ ការអត្ថាធិប្បាយរបស់លោកស្រី Takaichi បានធ្វើឱ្យចិនក្ដៅស្លឹកត្រចៀក និងចាត់វិធានការជាបន្តបន្ទាប់ពីក្នុងនោះរួមមាន ព្រមានកុំឱ្យពលរដ្ឋចិនធ្វើដំណើរកម្សាន្តទៅជប៉ុន និងហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីជប៉ុន៕