លោក ត្រាំ គំរាមវាយប្រទេសណា ដែលរត់ពន្ធគ្រឿងញៀនចូលក្នុងសហរដ្ឋអាមេរិក (Video inside)
03-12-2025 10:13
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២ ខែធ្នូ បានគំរាមថាប្រទេសណាដែលរត់ពន្ធគ្រឿងញៀនខុសច្បាប់ចូលទៅកាន់សហរដ្ឋអាមេរិកអាចនឹងត្រូវបាន វាយប្រហារដោយយោធាអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានអំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន បន្ទាប់ពីលើកឡើងអំពីបញ្ហាកូកាអ៉ីនពីប្រទេសកូឡុំប៊ី លោក ដូណាល់ ត្រាំ បានលើកឡើងថា «នរណាក៏ដោយដែលកំពុងរត់ពន្ធគ្រឿងញៀនខុសច្បាប់ចូលមកកាន់ប្រទេសរបស់យើងអាចនឹងរងការវាយប្រហារ»។ ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ត្រាំ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ដោយនិយាយថាប្រទេសរបស់លោកបានកម្ទេចកន្លែងផលិតគ្រឿងញៀនដោយប្រើពេលត្រឹម ៤០នាទី ដោយមិនចាំបាច់ប្រើមីស៊ីល នោះទេ។
គួរបញ្ជាក់ថា បច្ចុប្បន្ន យោធាអាមេរិកកំពុងដឹកនាំប្រតិបត្តិការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ Caribbean និង Pacific ដោយសម្លាប់មនុស្សយ៉ាងហោច ៨៣នាក់។ កាលពីថ្ងៃអង្គារ លោក ត្រាំ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថាប្រទេសណាក៏ដោយដែលកំពុងជួញដូរ ឬរត់ពន្ធគ្រឿងដោយខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាមេរិកក៏អាចនឹងក្លាយជាគោលដៅនៃការវាយប្រហារផងដែរ មិនមែនមានតែវ៉េណេស៊ុយអេឡាឡើយ៕




