សម្ដេចប៉ាប Leo ជំរុញឱ្យសហរដ្ឋអាមេរិក កុំប្រើកម្លាំងយោធាទម្លាក់លោក ម៉ាឌូរ៉ូចេញពីអំណាច (Video inside)

03-12-2025 10:42

(Reuters)៖ សម្ដេចសង្ឃកាតូលិកប៉ាប Leo បានជំរុញឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ ទី២ ខែធ្នូ កុំព្យាយាមបណ្ដេញប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូចេញពីអំណាចដោយប្រើកម្លាំងយោធា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

សម្ដេចប៉ាប Leo ដែលជាសម្ដេចប៉ាបដំបូងគេបំផុតជាជនជាតិអាមេរិក បានមានព្រះបន្ទូលថាវាជាការដ៏ល្អប្រសើរក្នុងការព្យាយាមស្វែងរកកិច្ចសន្ទនា ឬដាក់សម្ពាធសេដ្ឋកិច្ចលើវ៉េណេស៊ុយអេឡា ប្រសិនបើវ៉ាស៊ីនតោនចង់ឱ្យមានការផ្លាស់ប្ដូរនៅទីនោះ។ សម្ដេចប៉ាប Leo មានបន្ទូលបែបនេះ នៅពេលត្រូវបានសាកសួរអំឡុងសន្និសីទសារព័ត៌មានមួយអំពីការសម្លុតគំរាមរបស់លោក ត្រាំ ដើម្បីបណ្ដេញលោក ម៉ាឌូរ៉ូចេញពីអំណាច។

គួរបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើជម្រើសមួយចំនួនក្នុងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ខណៈបានចាត់ទុកលោក ម៉ាឌូរ៉ូជាមេកើយរបស់ ពួកឧក្រិដ្ឋជនគ្រឿងក្នុងប្រទេសវ៉េណេស៊ុយអេឡា។ តែលោក ម៉ាឌូរ៉ូបានច្រានចោលការចោទប្រកាន់នេះ និងចោទបកទៅវិញថាសហរដ្ឋអាមេរិកកំពុងព្យាយាមទម្លាក់រូបលោកពីអំណាច៕