តៃវ៉ាន់ ថាទន្ទឹងរងចាំភ្ជាប់ទំនាក់ទំនងឡើងវិញ ជាមួយប្រទេសហុងឌូរ៉ាស
03-12-2025 11:14
(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសរបស់កោះតៃវ៉ាន់ លោក Lin Chia-lung បានឱ្យដឹងថា តៃវ៉ាន់កំពុងទន្ទឹងរង់ចាំបង្កើតទំនាក់ទំនងឡើងវិញ ជាមួយអតីតសម្ព័ន្ធមិត្តហុងឌូរ៉ាស ហើយក៏បានទាក់ទងទៅបេក្ខភាពប្រធានាធិបតីទាំងពីរ ដែលមានភាពរួសរាយរាក់ទាក់ចំពោះទីក្រុងតៃប៉ិរួចហើយដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ ២០២៥។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅឯសភាក្នុងទីក្រុងតៃប៉ិ លោក Lin និយាយថា ស្របពេលការបោះឆ្នោតបន្តដំណើរការ រដ្ឋបាលតៃវ៉ាន់ កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។ លោកបានគូសបញ្ជាក់ថា «ចំពោះបេក្ខភាពប្រធានាធិបតី យើងបានរក្សាទំនាក់ទំនងល្អជាមួយអ្នកទាំងពីរ។ យើងក៏ទន្ទឹងរង់ចាំតៃវ៉ាន់ និងហុងឌូរ៉ាស អាចបង្កើតទំនាក់ទំនងការទូត ដោយផ្អែកលើសមភាព និងផលប្រយោជន៍ទៅវិញទៅមក»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងហុងឌូរ៉ាស ជាមួយទីក្រុងតៃប៉ិ ត្រូវបានកាត់ផ្តាច់ដោយរដ្ឋាភិបាលលោកប្រធានាធិបតី Xiomara Castro នាឆ្នាំ២០២៣។ លោក Salvador Nasralla ដែលកាលពីថ្ងៃអង្គារ បាននាំមុខតិចតួច នៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រទេសហុងឌូរ៉ាស និងគូប្រជែងប្រកៀកប្រកិតបំផុតរបស់លោក គឺលោក Nasry Asfura សុទ្ធតែបាននិយាយថា ពួកគេអាចនឹងបន្តទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ ប្រសិនបើជាប់ឆ្នោត៕




