ប៉ូលិសថៃ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅលើកោះ Phangan ចាប់ខ្លួនជនបរទេស ១០នាក់ (Video inside)
03-12-2025 11:24
(Khaosod)៖ ប៉ូលិសថៃបានឆ្មក់ចុះបង្រ្កាបការលេងល្បែងខុសច្បាប់មួយកន្លែងនៅលើកោះ Phangan និងបានឃាត់ខ្លួនជនបរទេស១០នាក់ ព្រមទាំងរឹបអូសប្រាក់ជាង ១៣០ ០០០បាត ឬស្មើនឹង ៤២០០ដុល្លារ និងសម្ភារៈឬបរិក្ខារសម្រាប់លេងល្បែងជាច្រើន។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។
ប៉ូលិសថៃ នៅថ្ងៃពុធ ទី៣ ខែធ្នូ បានឱ្យដឹងថាការចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ខាងលើធ្វើឡើងនៅម៉ោង ១០យប់ កាលពីថ្ងៃអង្គារ ទី២ ខែធ្នូ នៅឯផ្ទះជួលមួយកន្លែងនៅលើកោះ Phangan ក្រោយទទួលបានដំណឹងថាមានជនបរទេសជាច្រើននាក់កំពុងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង។ ប៉ូលិសបន្ថែមថាពួកគេបានឃើញម៉ូតូជាច្រើនគ្រឿងចតនៅខាងក្រៅផ្ទះជួល ហើយមនុស្សកំពុងលេង បៀរនៅពីក្រោយវាំងនង មុននឹងប៉ូលិសសម្រុកចូលជាមួយកាមេរ៉ាថតទុកជាភស្តុតាង។
នៅក្នុងផ្ទះជួលនោះ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ក្នុងនោះមានជនជាតិរុស្ស៉ី៦នាក់ រ៉ូម៉ានីម្នាក់ អ៉ីស្រាអែលម្នាក់ អាល្លឺម៉ង់ម្នាក់ និងអង់គ្លេសម្នាក់ដែលកំពុងអង្គុយលេងបៀរ។ ជនជាតិរុស្ស៉ីម្នាក់ ឈ្មោះ Anton មានអាយុ៣៦ឆ្នាំ បានប្រាប់ប៉ូលិសថារូបគេបានជួលផ្ទះខាងលើក្នុងតម្លៃ ៣០ ០០០បាត ឬស្មើ៩៤០ដុល្លារក្នុងមួយខែ ហើយបានបបួលមិត្តភក្តិមកលេងបៀរ។
នៅប្រទេសថៃ ការលេងល្បែងស៊ីសងក្នុងនោះរួមមានទាំងបៀរ គឺជាអំពើខុសច្បាប់ លើកលែងតែឆ្នោតផ្សងសំណាងរបស់រដ្ឋ និងការប្រណាំងសេះមួយចំនួន៕




