ប៉ាគីស្ថាន ស្វែងរកការចាប់ផ្តើមក្នុងវិស័យថ្មី ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចជាមួយជប៉ុន (Video inside)

03-12-2025 11:50

(អ៉ីស្លាម៉ាបាដ)៖ រថយន្ត​ជប៉ុន​ ត្រូវបានទទួលស្គាល់ទាំង​គុណភាព​ និង​ទំនុក​ចិត្ត​ជា​យូរ​មក​ហើយ​ នៅ​ក្នុង​ទីផ្សារ​រថយន្ត​របស់​ប៉ាគីស្ថាន ដែលជាឱកាសឱ្យប៉ាគីស្ថាន សម្លឹងរកឱកាសអភិវឌ្ឍទំនាក់ទំនងលើវិស័យនេះ ជាមួយជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌ CNA នៅថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ ២០២៥។

អតីតរដ្ឋមន្ត្រីពាណិជ្ជកម្មប៉ាគីស្ថាន លោក Khurram Dastgir Khan បាននិយាយថា ជប៉ុន ឥឡូវនេះ ជាប្រទេសមានសេដ្ឋកិច្ចឧស្សាហកម្មជឿនលឿនបំផុត ហើយប្រើប្រាស់វត្ថុធាតុដើមភាគច្រើន ដែលប៉ាគីស្ថានផលិតបានក្នុងកម្រិតតិចតួច ប៉ុន្តែប៉ាគីស្ថាន អាចក្លាយជាដៃគូធំសម្រាប់ជប៉ុន នៅក្នុងជំនាញព័ត៌មានវិទ្យា។ លោកបន្ថែមថា ជាមួយការពង្រីកវិស័យបច្ចេកវិទ្យា ប៉ាគីស្ថាន អាចផ្តល់ជូនជប៉ុននូវទេពកោសល្យ និងសេវាកម្មផ្នែកព័ត៌មានវិទ្យាដ៏មានប្រសិទ្ធភាព។

ប៉ាគីស្ថាន បាននាំចូលរថយន្ត គ្រឿងចក្រ និងដែក គិតជាទឹកប្រាក់រាប់លានដុល្លារពីជប៉ុន ជារៀងរាល់ឆ្នាំ។ តាមទិន្នន័យពីមាតិកាប្រព័ន្ធផ្សព្វផ្សាយ Observatory of Economic Complexity ចន្លោះខែសីហា ឆ្នាំ ២០២៤ និងខែសីហា ឆ្នាំ ២០២៥ ការនាំចូលរបស់ប៉ាគីស្ថានពីជប៉ុន បានកើនឡើង ២៨ភាគរយ។ ផ្ទុយទៅវិញ ការនាំចេញពីប៉ាគីស្ថានទៅជប៉ុន ដែលភាគច្រើនជាផលិតផលវាយនភ័ណ្ឌ និងកប្បាស បានធ្លាក់ចុះ ១១ភាគរយក្នុងរយៈពេលដូចគ្នា។

អ្នកតំណាងរដ្ឋាភិបាលជឿជាក់ថា ឱនភាពពាណិជ្ជកម្មប៉ាគីស្ថាន-ជប៉ុន ចំនួន ១២៧លានដុល្លារនឹងអាចរួមតូច ដោយនិយាយថា ការផ្លាស់ប្តូររបៀបដឹកនាំរបស់ជប៉ុន ផ្តល់នូវឱកាសមួយដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងសេដ្ឋកិច្ច។ ក្រុមមន្ត្រីប៉ាគីស្ថាននិយាយថា វិធីសាស្រ្តការទូតដែលសកម្មជាងមុន អាចជួយប្រទេសនេះបង្ហាញសក្កាដានុពលរបស់ខ្លួន លើសពីវិស័យនាំចេញប្រពៃណី៕